ចិន ៖ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា សំណុំផ្សែងខ្មៅដ៏ក្រាស់ឃ្មឹក និងអណ្តាតភ្លើង ត្រូវបានមើលឃើញកំពុងឆាបឆេះនៅក្រៅអគារការិយាល័យស្ថិតនៅក្នុងទីក្រុងធៀនជីន ប្រទេសចិន ក្រោយជញ្ជាំងអគារឆាបឆេះជាអគ្គិភ័យឡើង ។
នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងធៀនជីន និយាយនៅក្នុងសេចក្តីថ្លែងកាណ៍ដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Wechatថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ២៨៤នាក់ និងរថយន្តពន្លត់អគ្គិភ័យ ៦២គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ចេញពីស្ថានីយ៍ពន្លត់អគ្គិភ័យ ២៣កន្លែង ក្រោយការប្រកាសអាសន្នពីអគ្គិភ័យនៅលើអគារ Xintiandiស្ថិតលើកំណាត់ផ្លូវណានជីង ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានពីទីតាំងអគារថាស្ថិតនៅក្នុងទីក្រុងធៀនជីន ប្រទេសចិន ដោយសារតែអគារនៅក្បែរនោះ ដែលផ្គូផ្គងជាមួយទិដ្ឋភាពផ្លូវ និងរូបភាពផ្កាយរណបនៅតំបន់នោះ ។
នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងធៀនជីន និយាយថា អគារការិយាល័យ Xintiandiមានកម្ពស់ ២៦ជាន់ ហើយនិងមានជាន់ក្រោមដីផងដែរ ។ គ្មានមនុស្សណាម្នាក់ជាប់ខ្លួននៅក្នុងអគារ ឬទទួលរងគ្រោះថ្នាក់នោះទេ គិតត្រឹមវេលាម៉ោង ៤ និង ១០នាទីល្ងាចថ្ងៃអង្គារ ៕
