ឈីលី ៖ កាលពីថ្ងៃពុធម្សិលមិញ ក្រុមនគរបាលឈីលី បានដាក់ពង្រាយឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ដើម្បីសង្រ្គោះមនុស្ស និងសត្វដែលជាប់ខ្លួននៅក្នុងទឹកជំនន់នៅទីក្រុង El Monte ស្ថិតនៅភាគកណ្តាលប្រទេស ។
ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យប៉ះពាល់តំបន់ភាគកណ្តាលឈៀងខាងត្បូងប្រទេសឈីលី ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់គ្មានផ្ទះសម្បែងរស់នៅ ផ្លូវត្រូវបិទ បណ្តាលឲ្យដាច់ចរន្តអគ្គិសនី និងនាំឲ្យមានការជម្លៀសខ្លួនមនុស្សផងដែរ ។
លោកប្រធានាធិបតី Gabriel Boricបានប្រកាសអាសន្នកាលពីថ្ងៃចន្ទ ហើយបានស្នើសុំឲ្យប្រជាពលរដ្ឋឈីលីអនុវត្តន៍តាមបទបញ្ជាជម្លៀសខ្លួន ហើយនិងបញ្ជាឲ្យក្រុមអាជ្ញាធរជួយសង្រ្គោះតំបន់ដែលរងហានិភ័យខ្ពស់ដោយសារទឹកហូរប្រៀបច្រាំងទន្លេ ។
ក្រុមអ្នកព្យាករណ៍ឧតុនិយម រំពឹងថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅទូទាំងតំបន់ភ្នំ ដែលក្រុមអាជ្ញាធរព្រមានពីហានិភ័យកើនឡើងចំពោះទឹកជំនន់ និងបំណាក់ដី ៕

