ជប៉ុន ៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមបាតុកររាប់សិបនាក់ បានជួបជុំគ្នានៅក្រៅការិយាល័យកណ្តាលក្រុមហ៊ុនថាមពលអគ្គិសនី Tepcoស្ថិតក្នុងទីក្រុងតូក្យូ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលជប៉ុនបញ្ចេញទឹកបន្សាបវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushimaចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
បាតុកម្មនេះ បានចំណាយពេលប្រហែល ១ម៉ោង ដោយក្រុមបាតុករនាំគ្នាស្រែកពាក្យស្លោក និងទាមទារឲ្យក្រុមហ៊ុន Tepco ធ្វើតាមពាក្យសន្យារបស់ពួកគេថារក្សាទឹកមានសារធាតុវិទ្យុសកម្មនេះនៅក្នុងសឺទែន ។
ដោយទទួលបាយការយល់ព្រមពីរដ្ឋាភិបាលជប៉ុនកាលពីរយៈពេល ២ឆ្នាំ និងត្រូវបានបើកភ្លើងខៀវដោយក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ(UN)កាលពីខែមុន ការបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរ គឺជាជំហានដ៏សំខាន់ក្នុងការរុះរើរោងចក្រនុយក្លេអ៊ែរ Fukushimaដែលរួមទាំងការយកចេញប្រេងឥន្ធនៈរលាយផងដែរ ។
លោក Jun Iizukaវ័យ ៧១ឆ្នាំ និយាយថា សារធាតុទ្រីទីញ៉ូម មិនមែនជាបញ្ហាតែមួយនោះទេ ។ ទឹកបន្សាបនេះ មាននូវសារធាតុវិទ្យុសកម្មផ្សេងទៀតជាច្រើន ។ ពេលវាបញ្ចេញចូលទៅក្នុងមហាសមុទ្រ ច្បាស់ណាស់ថាវានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព ។ នេះគឺជារឿងដែលពុំអាចទទួលយកបាននោះទេ ។
ដោយឡែក នាង Yuka Ireiវ័យ ២១ឆ្នាំ ដែលបានចូលរួមធ្វើបាតុកម្មនេះដែរ និយាយថា ពួកគេធ្លាប់និយាយថា ការរុះរើរោងចក្រនុយក្លេអ៊ែរ នឹងមិនបញ្ចប់ទេរហូតដល់ឆ្នាំ ២០៥១ ។ ឥឡូវខ្ញុំមានអាយុ ២១ឆ្នាំ ដូច្នេះហើយនៅឆ្នាំ ២០៥១ ដែលមានរយៈពេល ២៨ឆ្នាំក្រោយ ខ្ញុំនឹងមានអាយុ ៤៩ឆ្នាំ ។ នៅពេលនោះ ខ្ញុំនឹងមានកូនខ្លួនឯង ហើយប្រហែលជារយៈពេលប៉ុន្មានឆ្នាំក្រោយ ខ្ញុំនឹងមានចៅផងដែរ ។ ដើម្បីឲ្យមានសង្គមសុវត្ថិភាព និងសន្តិសុខដល់ក្មេងៗជំនាន់ក្រោយ ខ្ញុំនឹងត្រូវតែជ្រើសរើសវិធីដែលខ្ញុំមិនសោកស្តាយនៅពេលក្រោយ ៕

