ឥណ្ឌា ៖ អ្នកវិទ្យាសាស្រ្តអវកាស និយាយថា ការចុះចតរបស់យានអវកាសឥណ្ឌានៅប៉ូលខាងត្បូងដែលពុំទាន់បានរុករក និងមានស្ថានភាពដីរដិបរដុបរបស់ឋានព្រះច័ន្ទកាលពីថ្ងៃពុធ អាចនឹងឈានទៅរករបកគំហើញទឹកដ៏សំខាន់ក្នុងទម្រង់ជាទឹកកកដែលនឹងក្លាយជាធនធានដ៏ចាំបាច់សម្រាប់បេសកកម្មនាពេលអនាគត ។
លោក Carla Filotico គឺជាប្រធានគ្រប់គ្រងក្រុមហ៊ុនអវកាស SpaceTec Partnersនិយាយថា ឥណ្ឌាបានបង្ហាញថា ពួកគេស្ថិតក្នុងចំណោមតួអង្គដ៏សំខាន់ ដើម្បីពង្រីកកាន់តែខ្លាំងលទ្ធភាពក្នុងវិស័យអវកាស ហើយបេសកកម្មជោគជ័យលើកនេះ អាចនឹងក្លាយជាការចាប់ផ្តើមកិច្ចសហការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
លោក Filoticoបន្តថា នេះគឺជារបកគំហើញសំខាន់ ពីព្រោះថាបើសិនជាវាអាចរកឃើញទឹក វាអាចនឹងបង្កើតអុកស៊ីហ្សែនសម្រាប់ជីវិតនៅទីនោះ មិនត្រឹមតែប្រើប្រាស់ជាឥន្ធនៈដ៏មានសក្តានុពល ក៏ដូចជាទឹកសម្រាប់ទ្រទ្រង់ជីវិតនៅលើឋានព្រះច័ន្ទនោះទេ ប៉ុន្តែសម្រាប់បេសកកម្មនាពេលអនាគតផងដែរ ។ ដូច្នេះហើយ វាពិតជាសំខាន់ខ្លាំងណាស់ ហើយការចែករំលែករបស់ឥណ្ឌាជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោក នឹងសំខាន់ខ្លាំងណាស់សម្រាប់ការរុករកទីអវកាសនាពេលអនាគត ។
យានអវកាស Chandrayaan-3ត្រូវបានគេរំពឹងថា នឹងបន្តមានមុខងាររយៈពេល ២សប្តាហ៍ ធ្វើពិសោធន៍ជាច្រើន រួមទាំងការវិភាគដោយបរិធានវាស់ស្ទង់វិសាលគមន៍លើសមាសភាពរ៉ែលើផ្ទៃព្រះច័ន្ទ ។
សូមបញ្ជាក់ថា យានអវកាស Chandrayaan-3ត្រូវបានបាញ់បញ្ជូនទៅកាន់ឋានព្រះច័ន្ទដោយប្រើប្រាស់ថវិកាអស់ ៧៤លានដុល្លារ ពោលគឺតិចជាងតម្លៃផលិតខ្សែភាពយន្តហូលីវូដ "Gravity"កាលពីឆ្នាំ ២០១៣ ៕


