អ៊ុយក្រែន ៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ៣រូប បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងគីវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ ហើយពួកគេបានសន្យាថា នឹងគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន ក្នុងការធ្វើសង្រ្គាមប្រឆាំងការវាយលុករបស់រុស្ស៊ី ។
លោក Lindsey Grahamគឺជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ និងលោកស្រី Elizabeth Warren និងលោក Richard Blumenthal គឺជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន និងបានជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ។
លោកGrahamនិយាយថា ចំពោះសេចក្តីរាយការណ៍សារព័ត៌មាននិយាយថា នេះជារឿងជាប់គាំង អ្នកខុសហើយ ។ ទាហានអ៊ុយក្រែន បានបំពានខ្សែការពារដ៏សំខាន់មួយកាលពីម្សិលមិញ ។
លោកបន្តថា មាននូវគ្រាប់មីនរុស្ស៊ីច្រើនណាស់ដាក់នៅលើទឹកដីអ៊ុយក្រែន ប្រហែលជាដាក់ច្រើនជាងកន្លែងណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្តសង្រ្គាមនាសម័យទំនើប ហើយទាហានអ៊ុយក្រែន បានជំនះឧបសគ្គគ្រប់បែបយ៉ាង ហើយបើសិនជាពួកគេនៅតែបន្តធ្វើបែបនេះ ពួកគេនឹងអាចបណ្តេញទាហានរុស្ស៊ីចេញពីទឹកដីរបស់ពួកគេបានទាំងអស់ ។
សូមបញ្ជាក់ថា ទាហានអ៊ុយក្រែន បានចាប់ផ្តើមការវាយបករបស់ពួកគេ ដើម្បីដណ្តើមមកវិញដែនដីដែលបាត់បង់កាលពីដើមខែមិថុនា ប៉ុន្តែការរុលទៅមុខរបស់ពួកគេមានការយឺតយ៉ាវ ពេលដែលពួកគេត្រូវប្រឈមនឹងចម្ការមីនបន្សល់ទុកដោយទាហានរុស្ស៊ី និងលេណដ្ឋាន ជាពិសេសនៅតំបន់ភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន ៕

