ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ ពលរដ្ឋដែលរស់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ អាចទៅចាក់វ៉ាក់សាំងSinovac ដូសទី១ ក្នុងទីតាំងចំនួន៧ តាមសង្កាត់កំពុងរស់នៅបច្ចុប្បន្ន។
មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី២៥ខែឧសភានេះ លោកអាំង សេរីពិសិដ្ឋអភិបាលរងខណ្ឌចំការមន បានឲ្យដឹងថា ពលរដ្ឋជាង ៥ម៉ឺននាក់ រស់នៅខណ្ឌចំការមននឹងទទួលបានការចាក់វ៉ាក់សាំង Sinovac ដូសទី១ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដែលចាប់ផ្តើមពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី០៧ ខែមិថុនាខាងមុខនេះ។
ពលរដ្ឋដែលមកចាក់វ៉ាក់សាំងនៅទីតាំងខាងលើ បានយល់ឃើញដែរថា ការចាក់វ៉ាក់សាំងនៅពេលនេះ ពិតជារឿងសំខាន់ព្រោះអាចបង្ការកុំឱ្យឆ្លងជំងឺកូវីដ-19 ប៉ុន្តែ ក្នុងករណីឆ្លងមានភាពធូរស្រាលជាងអ្នកមិនចាក់ផងដែរ។ លើសពីនេះ ពួកគាត់បានអគុណចំពោះរាជរដ្ឋាភិបាល ដែលបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ អាចចាក់វ៉ាក់សាំងបានគ្រប់គ្នាៗ។
ការចាក់វ៉ាក់សាំងកូវីដ-19 គឺជាមធ្យោបាយមួយក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាតការចម្លងជំងឺកូវីដ-19 និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-19 ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។
បើតាមផែនការមេរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស មានគោលដៅចាក់ជូនពលរដ្ឋ ១០លាននាក់ ឫ៦២ភាគរយ នៃប្រជាពលរដ្ឋសរុបបានចាក់វ៉ាក់សាំងកូវីដ-19 និងអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់សាំងកូវីដ-19 លើសពី៩៥ភាគរយ នៃប្រជាពលរដ្ឋគោលដៅ បានចាក់វ៉ាក់សាំងរួចនៅត្រឹមពាក់កណ្តាលឆ្នាំ២០២២៕ អត្ថបទ៖ ទូច សោភ័ណ