
ស្របពេលប្រមូលផលនៅពេលព្រឹកថ្ងៃពុធ ដើម្បីជៀសផុតពីកម្តៅ លោក Jerome Volle គឺជាអ្នកផលិតស្រាទំពាំងបាយជូ និយាយថា សីតុណ្ហភាពក្តៅដូចភ្លើងបានធ្វើឲ្យប៉ះពាល់ដល់ដើមទំពាំងបាយជូនៅតំបន់ភាគខាងត្បូងប្រទេសបារាំង ជាហេតុធ្វើឲ្យទិន្នផលធ្លាក់ចុះច្រើន ប៉ុន្តែអាកាសធាតុក្តៅបែបនេះអាចនឹងផលិតស្រាទំពាំងបាយជូមានគុណភាពល្អពិសេសលេខ១ ។
អាកាសធាតុក្តៅខ្លាំង បានវាយប្រហារតំបន់ជាច្រើនរបស់ប្រទេសបារាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងនោះសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤២អង្សាសេនៅជ្រលងភ្នំដាំទំពាំងបាយជូ Rhoneនៅក្នុងសប្តាហ៍នេះ ។
លោក Volleដែលតំណាងឲ្យក្រុមអ្នកផលិតស្រាទំពាំងបាយជូ Ardecheនិយាយថា ការធ្លាក់ចុះទិន្នផល ត្រូវបានគេរំពឹងថានឹងមានចម្លោះពី ១០ភាគរយទៅ ២០ភាគរយនៅទូទាំងតំបន់ ប៉ុន្តែគុណភាពស្រា គឺកើនឡើងខ្ពស់ ។
លោក Volleវ័យ ៤៩ឆ្នាំ ដែលប្រើប្រាស់ម៉ាស៊ីនដើម្បីប្រមូលផលទំពាំងបាយជូរបស់លោក និយាយថា លោកចាប់ផ្តើមធ្វើការតាំងពីម៉ោង ៣ព្រឹកទាបភ្លឺមកម្ល៉េះ ។
លោកនិយាយថា ការប្រមូលផលនៅពេលយប់ នឹងជួយឲ្យផ្លែទំពាំងបាយជូត្រជាក់ មានន័យថា ប្រើប្រាស់ថាមពលតិច តែមិនប៉ះពាល់ដល់ការប្រមូលផល ហើយនិងក្លិនរបស់វា ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរ បានណែនាំឲ្យអ្នកបេះទំពាំងបាយជូទាំងអស់ ចាប់ផ្តើមធ្វើការ និងបញ្ចប់ការងាររបស់ពួកគេនៅពេលព្រឹក ដើម្បីជៀសវាងការប៉ះពាល់នឹងកម្តៅក្តៅខ្លាំង ។
ដោយឡែក លោក Jerome Despey គឺជាអ្នកផលិតស្រាទំពាំបាយជូ Languedoc នៅតំបន់ភាគខាងត្បូងប្រទេសបារាំង និងជាអនុប្រធានទី ១ ក្រុមសហជីពកសិកម្មធំបំផុត FNSEAរបស់ប្រទេសបារាំង និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំង នឹងនាំឲ្យថយចុះទិន្នផលស្រាទំពាំងបាយជូក្នុងឆ្នាំនេះ នៅតំបន់ភាគខាងត្បូងប្រទេសបារាំង ៕