
អ្នកស្រុក Lahaina ដែលជាទីក្រុងរងគ្រោះខ្លាំងជាងគេបំផុត ក្នុងហេតុការណ៍ចំហេះព្រៃ ដែលបង្កឲ្យមានអ្នកបាត់បង់ជីវិត នៅកោះ Maui ក្នុងរដ្ឋ Hawaii របស់សហរដ្ឋអាមេរិក កំពុងងើបឡើងប្រឈមមុខយ៉ាងរឹងមាំនឹងផលវិបាកនានាពីអគ្គិភ័យ ដែលបានបន្សល់ទុកនូវការខូចខាតដ៏មហាសាល ដោយចាប់ផ្តើមពីកិច្ចការដ៏លំបាកដំបូងនោះ គឺការសាងសង់លំនៅឋានរបស់ពួកគេឡើងវិញ។
លោក Archie Kalepa ដែលជាឆ្មាំជួយសង្គ្រោះអ្នកលង់ទឹកចូលនិវត្តន៍ដ៏ល្បី និងជាអតីតប្រធានសេវាសង្គ្រោះមហាសមុទ្ររបស់តំបន់ Maui បានលេចមុខ ក្នុងនាមជាអ្នកដឹកនាំ ក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះសម្រាប់សហគមន៍របស់លោក។
លោក Kalepa បាននិយាយថា តំបន់រងគ្រោះ គឺភូមិ Leia Lee ដែលមានផ្ទះសរុបចំនួន ១០៤ខ្នង ដោយក្នុងនោះ ២ខ្នង ត្រូវបានឆេះបំផ្លាញទាំងស្រុងតែម្ដង។ ពេលត្រឡប់មកផ្ទះវិញ បន្ទាប់ពីអណ្ដាតភ្លើងបានរលត់ លោក Kalepa មិនឲ្យខាតពេលនោះឡើយ ដោយលោកបានទាក់ទងមិត្តភក្តិ និងអ្នករួមការងារ ដើម្បីផ្ដល់ជាជំនួយ។ ជាការឆ្លើយតប ពួកគេបានមកជួបជុំគ្នា ដោយផ្លាស់ប្តូរទីធ្លាខាងមុខផ្ទះរបស់លោក Kalepa ទៅជាទីកន្លែងផ្គត់ផ្គង់ដល់អ្នកនៅរស់រានមានជីវិត។
ទោះបីជាការផ្តល់អាហារ និងទឹក មានសារៈសំខាន់ក៏ដោយ ក៏លោក Kalepa សង្កត់ធ្ងន់ថា ព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវ គឺជាតម្រូវការដ៏សំខាន់បំផុត សម្រាប់សហគមន៍។
ទំហំបំផ្លិចបំផ្លាញដ៏មហាសាលពីចំហេះព្រៃ គឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ ដោយផ្ទះសម្បែងយ៉ាងច្រើន ត្រូវបានឆេះបំផ្លាញទៅជាគំនរផេះផង់។ តែទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែកិច្ចខិតខំយ៉ាងក្លាហានរបស់សមាជិកសហគមន៍ ដែលបានប្រឹងប្រយុទ្ធនឹងអណ្ដាតភ្លើង ក្នុងនោះរួមទាំងលោក Kalepa ផងដែរ ផ្ទះនេះ និងទ្រព្យសម្បត្តិជាច្រើនទៀត ត្រូវបានជួយសង្គ្រោះ។
យ៉ាងណាក្ដី កង្វល់ដ៏បន្ទាន់មួយ សម្រាប់អ្នករួចជីវិត ជាពិសេសអ្នកដែលប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ និងការបាត់បង់អ្វីៗគ្រប់យ៉ាង ដែលពួកគេមាន គឺលទ្ធភាពនាពេលអនាគតនៃការត្រឡប់ទៅក្រុង Lahaina វិញ។ សហគមន៍ទទួលស្គាល់ពីតម្រូវការ ក្នុងការរៀនសូត្រពីកំហុសឆ្គងអតីតកាល និងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង ដើម្បីធានាបាននូវអនាគតដ៏ភ្លឺស្វាង៕