
ក្រសួងការបរទេសសហរដ្ឋអាមេរិកនិងសេតវិមាន បាននិយាយថា ការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើទោះបីជាបរាជ័យក្នុងការហោះហើរក្តី ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន បានស្វែងរកការសន្ទនាជាមួយទីក្រុងព្យុងយ៉ាងដោយគ្មានបុរេលក្ខខណ្ឌ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានជំរុញឲ្យប្រទេសកូរ៉េខាងជើងជៀសវាង«សកម្មភាពគំរាមកំហែងបន្ថែមទៀត»។ សេតវិមាន បាននិយាយដោយឡែកថា ទ្វារ«មិនបានបិទ»លើផ្នែកការទូតទេ ប៉ុន្តែទីក្រុងព្យុងយ៉ាង «ត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុរបស់ខ្លួន ហើយជំនួសមកវិញនូវការជ្រើសរើសការចូលរួមការចរចា»។
សេតវិមានបាននិយាយថា ក្រុមសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងវាយតម្លៃស្ថានភាពនៅក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិក ដោយបន្ថែមថា ប្រទេសទាំងអស់ត្រូវតែថ្កោលទោសការប៉ុនប៉ងបាញ់បង្ហោះរបស់កូរ៉េខាងជើង។
សេតវិមាន បាននិយាយទៀតថា៖«សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះកូរ៉េខាងជើងជុំវិញការបាញ់បង្ហោះដោយប្រើបច្ចេកវិទ្យាមីស៊ីលបាលិស្ទិក ទោះបីជាខ្លួនបរាជ័យក៏ដោយ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខUN បង្កើនភាពតានតឹង និងហានិភ័យដែលបង្កអស្ថិរភាពដល់ស្ថានភាពសន្តិសុខនៅក្នុងតំបន់ និងហួសពីនេះ»។