
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា យន្តហោះចម្បាំងរុស្ស៊ី MiG-29 មួយគ្រឿងបានព្យាយាមស្ទាក់ចាប់យន្តហោះល្បាតយោធារបស់ប្រទេសន័រវែសនៅពីលើសមុទ្របារ៉ែន (Barents) ។
ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៣ ប្រព័ន្ធគ្រប់គ្រងដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅពីលើអាកាសនៅលើសមុទ្របារ៉ែនដែលខិតជិតព្រំដែនរដ្ឋរុស្ស៊ី។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា យន្តហោះចម្បាំង MiG-29 របស់រុស្ស៊ី បានហោះឡើង ដើម្បីកំណត់គោលដៅផ្លូវអាកាស និងការពារការរំលោភព្រំដែនរដ្ឋនេះ។
ក្រសួងការពារជាតិ បាននិយាយថា យន្តហោះបរទេសនោះ ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាយន្តហោះល្បាតមូលដ្ឋាន P-8A Poseidon របស់ប្រទេសន័រវែស ដោយបន្ថែមថា យន្តហោះនោះ បានហោះងាកចេញពីព្រំដែនរដ្ឋ នៅពេលដែលយន្តហោះចម្បាំងរុស្ស៊ី ចូលទៅជិត។
ការហោះហើររបស់យន្តហោះ MiG-29 ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងជាមួយនឹងច្បាប់អន្តរជាតិសម្រាប់ការប្រើប្រាស់ដែនអាកាស នេះបើយោងតាមក្រសួងការពារជាតិ។