
អ្នកជំនាញ នៅតែខ្វែងគំនិតគ្នាលើការសម្រេចចិត្តរបស់ប្រទេសជប៉ុន ក្នុងការគ្រប់គ្រងទឹកកង្វក់ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលរងការខូចខាត ដោយការបញ្ចេញទឹកនោះចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈដែលប្រតិបត្តិការ បានចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា)។
បើទោះជាមានអ្នកជំនាញខ្លះ បាននិយាយថា នេះគឺជាការអនុវត្តធម្មតារបស់រោងចក្រនុយក្លេអ៊ែរ នៅទូទាំងពិភពលោក និងបានចាត់ទុកភាពចម្រូងចម្រាសនោះជារឿងនយោបាយក៏ដោយ ក៏មានអ្នកផ្សេងទៀតយល់ឃើញថា កត្តាមិនច្បាស់លាស់ជាច្រើន នៅតែមានដដែល ហើយថា ជម្រើសផ្សេងទៀតមិនត្រូវបានគេពិចារណាឲ្យបានល្អិតល្អន់សមរម្យ។
ប្រទេសជប៉ុនបានប្រកាសពីការមិនកែប្រែដំណើរការនេះ កាលពីថ្ងៃអង្គារ (ទី២២ ខែសីហា) ដែលនាំឲ្យមានប្រតិកម្មតបពីប្រទេសជិតខាង ក្នុងតំបន់របស់ខ្លួន ក្នុងនោះរួមមានទាំងការហាមឃាត់ការនាំចូលដោយទីក្រុងហុងកុង ដែលជាទីផ្សារអាហារសមុទ្រធំជាងគេទី២ បន្ទាប់ពីប្រទេសចិនដីគោក។
រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ត្រូវបានវាយប្រហារដោយរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិជាបន្តបន្ទាប់ ក្នុងខែមីនា ឆ្នាំ២០១១ ដែលធ្វើឲ្យម៉ាស៊ីនរ៉េអាក់ទ័រចំនួន៣ របស់រោងចក្ររងការខូចខាត។
ប្រតិបត្តិកររោងចក្រ គឺក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បាន និងកំពុងបូមទឹក ដើម្បីការពារកុំឲ្យក្ដៅខ្លាំងជ្រុល និងបង្កការខូចខាតបន្ថែមទៀត ដោយប្រមូលបានទឹកចំនួន ១,៣៤លានម៉ែត្រត្រីគុណ ដែលមានកម្រិតជិតស្មើនឹងទឹកក្នុងអាងហែលទឹកអូឡាំពិកចំនួន ៥៤០អាង ប៉ុន្តែឥឡូវនេះ ជិតអស់ទំហំផ្ទុកហើយ។
ផែនការបញ្ចេញទឹកសំណល់ ត្រូវបានអនុម័តកាលពី ២ឆ្នាំមុន ដោយរដ្ឋាភិបាលជប៉ុន ដែលជាផ្នែកសំខាន់នៃដំណើរការបញ្ចេញទឹកចោលរបស់រោងចក្រ៕