
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី២៣ ខែសីហា) បានបន្លាយការដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងសហភាពមីយ៉ាន់ម៉ា ដើម្បីរួមបញ្ចូលក្រុមហ៊ុនបរទេស ឬបុគ្គលដែលជួយដល់រដ្ឋាភិបាលយោធារបស់ប្រទេសនេះ ក្នុងការទិញប្រេងឥន្ធនៈយន្តហោះ ដែលយកមកប្រើប្រាស់ ដើម្បីបើកការវាយប្រហារតាមអាកាសទៅលើប្រជាជនរបស់ខ្លួន។
ក្រសួងរតនាគារបានប្រាប់ថា ខ្លួនក៏បានបន្ថែមទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួនផងដែរនូវបុគ្គល ២នាក់ គឺលោកស្រី Khin Phyu Win និងលោក Zaw Min Tun ព្រមទាំងក្រុមហ៊ុនចំនួន៣ ដែលមានទំនាក់ទំនងជាមួយពួកគេ ដែលពាក់ព័ន្ធនឹងការជួយផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈ សម្រាប់ពួកយោធា ដែលបានដណ្តើមអំណាច ក្នុងរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១។
ជាមួយគ្នានេះ ក្រសួងបាននិយាយថា ខ្លួនកំពុងដាក់ចេញនូវការប្តេជ្ញាចិត្ត ដែលកំណត់វិស័យឥន្ធនៈយន្តហោះ ក្នុងសហភាពមីយ៉ាន់ម៉ា ដែលក្ដោបដោយក្រឹត្យដែលមានហត្ថលេខារបស់ប្រធានាធិបតី លោក Joe Biden ដែលរារាំងក្រុមហ៊ុននៅខាងក្រៅសហភាពមីយ៉ាន់ម៉ាកុំឲ្យជួយដោះស្រាយវិស័យការពារជាតិរបស់ប្រទេសនេះ។
សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានដាក់ទណ្ឌកម្មជាច្រើនលើកលើមេដឹកនាំយោធាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារ ដែលពួកគេបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី បានសម្លាប់អ្នកប្រឆាំងរាប់ពាន់នាក់ ក្នុងការបង្រ្កាប និងបានបង្កឲ្យមានការបះបោរយ៉ាងខ្លាំងក្លា៕