ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញចំណុចយុទ្ធសាស្ត្រចំនួន២ ដែលទាក់ទងនឹងវិស័យកសិកម្ម ទី១.គឺការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងទី២.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេសនិងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
តាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ សីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ថា ក្នុងអាណត្តិថ្មី នីតិកាលទី៧នេះ ប្រការចាំបាច់ គឺត្រូវក្តាប់ស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់តាមជំហាននៃគោលនយោបាយ ដោយក្នុងនោះឆ្នាំ២០២៧ ត្រូវមានភាពម្ចាស់ការ និងលទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង និងរក្សាស្ថិរភាពតម្លៃនៅទូទាំងប្រទេស។ ឯកឧត្តម បានបន្តថា ត្រូវមានយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម កាត់បន្ថយការចំណាយផ្សេងៗ ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ក្នុងការចូលរួមជំរុញសេដ្ឋកិច្ចប្រទេសឱ្យក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ លើសពីនេះទៀត ត្រូវមានយុទ្ធសាស្ត្រពាណិជ្ជកម្មច្បាស់លាស់ដើម្បីចូលរួមគាំទ្រសមាគមកសិករឱ្យមានភាពម្ចាស់ការរឹងមាំ និងសហប្រតិបត្តិការល្អ ដើម្បីពាណិជ្ជូបនីយកម្ម។
ដោយឡែក ពាក់ព័ន្ធការការពារធនធានធម្មជាតិ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំមន្រ្តីរាជការទាំងអស់ ត្រូវចាំបាច់យកចិត្តទុកដាក់ការពារឱ្យបានល្អបំផុត ទាំងអនុវិស័យជលផល ព្រៃឈើ ដីសម្បទាន និងសត្វព្រៃ ព្រមទាំងសត្វផ្សោតដែលជារតនសម្បត្តិជាតិ ដើម្បីនិរន្តរភាពបរិស្ថាន និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំថ្ងៃនេះ គឺជាការចាប់ផ្តើមនៃការពិភាក្សា ជំរុញគោលនយោបាយវិស័យកសិកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា គឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបន្តចូលរួមធ្វើការជាមួយគ្នា ដើម្បីប្រជាជន និងសង្គមជាតិទាំងមូល៕ ដោយ ៖ បូរ៉ាវី






