ភ្នំពេញ៖ ក្នុងថ្ងៃទី២ នៃការចូលកាន់តំណែងផ្លូវការជារដ្ឋមន្ត្រី នៅថ្ងៃទី២៤ សីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួលក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីក្ដាប់ពីស្ថានភាពរស់នៅ ការប្រកបការងារ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់កម្មករ-កម្មការិនីបន្ថែមទៀត។
ឯកឧត្តម បានសាកសួរអំពីស្ថានភាពរស់នៅនៅបន្ទប់ជួល កន្លែងធ្វើការ បរិយាកាសការងារ ក៏ដូចជាតម្រូវការផ្សេងរបស់កម្មករ-កម្មការិនី ពិសេសបានរំលេចអំពីការទទួលបានបណ្ណ ប.ស.ស គុណភាព និងការអត្ថប្រយោជន៍ដែលទទួលបានតាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស នេះជាដើម។ ឯកឧត្តម ក៏បានសាកសួរអំពីការប្រើប្រាស់ ការចំណាយលើសេវាទឹកស្អាត អគ្គិសនី ថ្លៃជួបបន្ទប់ អាហារហូបចុក ក៏ដូចជាការគាំពារសុខុមាលភាពផ្សេងៗទៀត។
នៅចំពោះមុខកម្មករ-កម្មការិនី ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បញ្ជាក់ថា នឹងបន្តរួមគ្នាជាមួយភាគីពាក់ព័ន្ធពិនិត្យតាមដាននូវកិច្ចការងារនេះជាប់ជាប្រចាំ តាមបណ្តាំណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវចាត់ទុកសុខទុក្ខរបស់កម្មករនិយោជិត ដូចជាកែវភ្នែករបស់ខ្លួន។




