
ឆ្មាំល្បាតព្រំដែនរបស់ប្រទេសប៉ូឡូញ បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍(ទី២៤ ខែសីហា) នេះថា ខ្លួនរឹបអូសបានកូកាអ៊ីនជិត ៤៤០គីឡូក្រាម ដែលមានតម្លៃប្រហែល ១៨០លានស្លូទី (៤៣,៦លានដុល្លារ) នៅឯក្រុងកំពង់ផែ Gdynia (ហ្គិតឌីនៀ) នៃសមុទ្របាល់ទិក។
ឆ្មាំព្រំដែន បានប្រាប់ថា កូកាអ៊ីននេះ ត្រូវបានលាក់នៅក្នុងកុងតេន័រ ដែលផ្ទុកពេញទៅដោយកម្រាលក្តារពីប្រទេសបូលីវី ហើយត្រូវបានដឹកជញ្ជូនមកពីប្រទេសឈីលី។
អ្នកនាំពាក្យឆ្មាំព្រំដែន លោកស្រី Anna Michalska បានប្រាប់ទូរទស្សន៍រដ្ឋ TVP Info ថា៖ «ក្រុមអ្នកជំនាញ បានរកឃើញថា កូកាអ៊ីន គឺមានលក្ខណៈសុទ្ធខុសពីធម្មតា។ នេះជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុមឧក្រិដ្ឋជន ព្រោះពួកគេបានខាតបង់ប្រាក់ច្រើនណាស់»។
បុរសវ័យ ៤៦ឆ្នាំម្នាក់ មកពីតំបន់ Mazowieckie (ម៉ាហ្សូវៀស្គី) ភាគកណ្តាលនៃប្រទេសប៉ូឡូញ ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងករណីនេះ ហើយអាជ្ញាធរបាននិយាយថា ការចាប់ខ្លួនបន្ថែមទៀតអាចនឹងកើតឡើង៕