
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) នេះ ថា ប្រទេសជប៉ុនបានស្នើសុំឲ្យប្រទេសចិន «លុបចោលជាបន្ទាន់» នូវបម្រាមនាំចូលផលិតផលនេសាទ ហើយលោកប្រាប់ថា កំពុងស្វែងរកការពិភាក្សាផ្អែកលើវិទ្យាសាស្ត្រស្តីពីផលប៉ះពាល់នៃការបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi។
ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មរួចហើយពីរោងចក្រថាមពលនុយក្លេអ៊ែរដែលរងការបំផ្លិចបំផ្លាញ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីព្រឹកមិញ ដែលជាការសម្រេចនាំឲ្យមានភាពបែកខ្ញែក រហូតជំរុញឲ្យប្រទេសចិនប្រកាសហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន។
គួរបញ្ជាក់ដែរថា ប្រទេសជប៉ុនបាននាំចេញផលិតផលជលផលមានតម្លៃប្រហែល ៦០០លានដុល្លារទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសនេះក្លាយជាទីផ្សារដ៏ធំបំផុត សម្រាប់ការនាំចេញរបស់ជប៉ុន ដោយទីក្រុងហុងកុងជាប់លំដាប់ទី២។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឲ្យដឹងថា ការលក់ទៅកាន់ប្រទេសចិន និងក្រុងហុងកុងមានចំនួន ៤២ភាគរយនៃការនាំចេញជលផលជប៉ុនទាំងអស់ ក្នុងឆ្នាំ២០២២។
យ៉ាងណាក្ដី គយចិនមិនបានផ្តល់ព័ត៌មានលម្អិតអំពីផលិតផលជលផលជាក់លាក់ ដែលរងផលប៉ះពាល់ពីការហាមឃាត់នេះនោះទេ ហើយក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ៕