
យោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) នេះ បានឲ្យដឹងថា ការចុះបញ្ជីនៃពាក្យសុំសិទ្ធិជ្រកកោនរបស់ចក្រភពអង់គ្លេស ដែលកំពុងរង់ចាំការសម្រេច បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងឆ្នាំនេះ គិតត្រឹមខែមិថុនា ហើយចំនួនអ្នកដាក់ពាក្យស្នើសុំ គឺខ្ពស់បំផុត ក្នុងរយៈពេល២ទសវត្សរ៍នេះ ដែលនេះជាផលប៉ះពាល់ដ៏ធំចំពោះរដ្ឋាភិបាល។
ការិយាល័យកិច្ចការផ្ទៃក្នុងប្រទេស Home Office ឬក្រសួងមហាផ្ទៃ បាននិយាយថា ពាក្យសុំសិទ្ធិជ្រកកោនចំនួន ៧៨.៧៦៨ច្បាប់ ត្រូវបានធ្វើឡើងដោយអ្នកដែលបានធ្វើដំណើរមកដល់ប្រទេសនេះ ដោយខុសច្បាប់ ក្នុងរយៈពេល ១២ខែ ដល់ខែមិថុនា ពោលគឺកើនឡើង ១៩ភាគរយ ធៀបនឹងឆ្នាំមុន។
ការចុះបញ្ជីនៃពាក្យសុំសិទ្ធិជ្រកកោន មានត្រឹមតែជាង ១៣៤.០០០ ឬ ១៧៥.៤៥៧ច្បាប់ប៉ុណ្ណោះ នៅពេលដែលអ្នកនៅក្នុងបន្ទុក ត្រូវបានរួមបញ្ចូល ជាការបន្ថែមសម្ពាធលើនាយករដ្ឋមន្ត្រី លោក Rishi Sunak ដែលកាលពីខែធ្នូ បានសន្យាថា នឹងជម្រះសំណុំរឿងចុះបញ្ជីដំបូងនៃករណីទាំងនេះ នៅចុងឆ្នាំនេះ។ ប្រហែល ៨០ភាគរយនៃអ្នកទាំងនោះ បានចំណាយពេលរង់ចាំច្រើនជាង ៦ខែ។
ដោយស្វែងរកការរារាំងកុំឲ្យមានជនអន្តោប្រវេសន៍ចូលមកប្រទេសអង់គ្លេស រដ្ឋាភិបាលកំពុងផ្ទេរជនអន្តប្រវេសន៍ទៅកាន់ទីតាំងយោធាដែលលែងប្រើការ និងដាក់នៅលើកប៉ាល់ដែលបោះបង់ចោល ហើយមានបំណងបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនោះទៅកាន់ប្រទេសរ៉្វាន់ដា ទោះបីជាផែនការនោះ ត្រូវបានរារាំងដោយតុលាការក៏ដោយ៕