ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានសម្រេចបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។
រាជរដ្ឋាភិបាលនីតិកាលទី៧បានចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ ការតែងតាំង និងការផ្លាស់ប្តូរសមាសភាព នៃក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ត្រូវធ្វើឡើងតាម ការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី អាចបង្កើតក្រុមការងារចំណុះតាមការចាំបាច់ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន។

យោងតាមសេចក្តីសម្រេចដែលបានធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីមានភារកិច្ចដូចជា សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្តី។ ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី។ ទំនាក់ទំនងជាមួយបណ្តាស្ថាប័ន និងអង្គភាពនានា សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី។ ស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី។ រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្ដីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពីព័ត៌មានរបស់នាយករដ្ឋមន្ត្រីឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់ និងបំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយករដ្ឋមន្ត្រី៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

