ខ្សែការពារអេស្ប៉ាញ Aymeric Laporte បានសំរេចក្នុងការផ្លាស់ពី Manchester City ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ក្នុងតម្លៃផ្ទេរ ២៣.៦ លានផោន។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះបង្ហាញខ្លួនសរុបជាមួយ Manchester City ១៨០ លើក រកបាន ១២ គ្រាប់ តែឱកាសលេងបាល់ជម្រើសដំបូងត្រូវបានកាត់បន្ថយរដូវកាលមុន។
លោក Pep Guardiola បានដាក់ Laporte នៅពីក្រោយជម្រើសរបស់ Manuel Akanji ហើយរដូវកាលថ្មីនេះតាំងពីការមកដល់របស់ Josko Gvardiol ពី Leipzig ធ្វើឱ្យឱកាសលេងរបស់ Laporte មានកំរិត។

រំលឹកថា Aymeric Laporte បានមកដល់ Manchester City តាំងពីឆ្នាំ ២០១៨ ផ្ទេរពី Athletic Bilbao ក្នុងតម្លៃផ្ទេរ ៥៧ លានផោន និងក្លាយជាសមាជិកសំខាន់របស់ក្រុមភ្លាមៗដែរ និងឈ្នះជើងឯក English Premier League ៥ លើក FA Cup ២ លើក EFL Cup ៣ លើក និង UEFA Champions League ១ លើក រដូវកាលមុន។
ការចាកចេញទៅកាន់ Al-Nassr, Aymeric Laporte នឹងរួមក្រុមជាមួយ Cristiano Ronaldo, Sadio Mane, Marcelo Brozovic, Alex Telles និង Otavio៕ អត្ថបទ៖នាង សុភាវុធ

