
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងឆ្នាំ២០២៣នេះ នឹងសម្រេចបានប្រមាណជាង ១០៧ ភាគរយ ពោលគឺលើសផែន នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងព្រិត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ បានបង្ហាញថា ចំពោះលទ្ធផលនៃការអនុវត្តថវិកាឆមាសទី ១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនោះតាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ ២០២៣ ចំណូលពន្ធដារ នឹងសម្រេចបានប្រមាណជាង ១០៧ ភាគរយ នៃផែនការច្បាប់ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ ជាក់ស្តែងក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៣នេះ ពន្ធ-អាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួនជាង ៩ ៣៦៧ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៣១២ លានដុល្លារ ស្មើជាង ៦៤ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ។
ជុំវិញការប្រមូលចំណូលនេះដែរ, ខណៈបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលកំពុងមានការរីកលូតលាស់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ក៏មានការកើនឡើងគួរឱ្យកត់ សម្គាល់ ពិសេសការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិកចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែង ក្នុងរយៈពេល ៧ ខែ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ៤៦ លានដុល្លារ។
ជុំវិញបញ្ហាប្រឈម, អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា បើពិនិត្យពីលទ្ធផលនៃការប្រមូលចំណូលពន្ធ តាមប្រភេទពន្ធវិញ មានប្រភេទពន្ធមួយចំនួននៅតែមានបញ្ហាប្រឈម ជាក់ស្ដែងក្នុងរយៈពេល ៧ ខែនេះ ការប្រមូលពន្ធលើអចលនទ្រព្យសម្រេច បានត្រឹម ៥៧ ប៊ីលានរៀល ត្រូវជាង ១៤ លានដុល្លារ បើប្រៀបធៀបនឹងផែនការប្រចាំឆ្នាំ ២០២៣ សម្រេចបានជិត ៣៧ ភាគរយ ប៉ុណ្ណោះ ។ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ ថ្មីៗនេះអគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតជូនដំណឹង ស្តីពីការរំលឹក លើកទី ២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣ ដើម្បីក្រើនរំលឹក ម្ចាស់អចលន ទ្រព្យមួយចំនួន ដែលមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាស និងមកបង់ប្រាក់ពន្ធឲ្យបានរួសរាន់។ សម្រាប់ជាវិធានការណ៍វិញ, ក្នុងឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបំពាក់បន្ថែមនូវឧបករណ៍ម៉ាស៊ីនស្កែនមុខ កត់វត្តមានរបស់មន្ត្រីទទួលបន្ទុក និងកាមេរ៉ាសុវត្ថិ ភាពនៅតាមចំណុចយុទ្ធសាស្ត្រមួយចំនួន នៅក្នុងរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាទាំងអស់ក្នុងស្រុក។
យុទ្ធនាការ នេះ គឺជាវិធានការមួយជួយពង្រឹងប្រសិទ្ធភាព ស័ក្កិសិទ្ធិភាព និងតម្លាភាពមួយកម្រិតបន្ថែមទៀត សម្រាប់គាំទ្រដល់ការត្រួតពិនិត្យ ការអនុវត្តកាតព្វកិច្ច ដែលជាវិធីសាស្ត្រសម្រាប់ផ្តល់ ជាមូលដ្ឋានជាក់លាក់ និងតម្លាភាពខ្ពស់មួយក្នុងការផ្ទៀងផ្ទាត់ និងតាមដាន ការប្រកាសបង់ប្រាក់ពន្ធរបស់សហគ្រាសពាក់ព័ន្ធ៕អត្ថបទ៖ សុន រ៉ាឌី