ក្លិបបាល់ទាត់ Wolverhampton Wanderers បានបដិសេធសំណើ ៤៧ លានផោនពី Manchester City ដែលចង់បានខ្សែបម្រើព័រទុយហ្កាល់ Matheus Nunes។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះទើបមកដល់ Wolves ពី Sporting Lisbon រដូវកាលមុនក្នុងតម្លៃផ្ទេរ ៣៨ លានផោនថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្លិប និងបានចុះហត្ថលេខារយៈពេល ៥ ឆ្នាំ។

Man City កំពុងរកអ្នកបំពេញចំនុចខ្វះខាតនៅតំបន់បម្រើកណ្តាល បន្ទាប់ពីកីឡាករនាំលេងប៊ែលហ្ស៊ិក Kevin de Bruyne មានរបួសត្រូវសម្រាកយ៉ាងហោចណាស់ ៤ ខែ។
City ថែមទាំងចាប់អារម្មណ៍ខ្សែបម្រើស្លាប Crystal Palace ផងដែរគឺកីឡាករវ័យ ២៥ ឆ្នាំ Eberechi Eze ដែលទើបបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអង់គ្លេសលើកដំបូងកាលពីខែមិថុនា។
សម្រាប់ Wolverhampton រដូវក្តៅនេះបានលក់ចេញប្រធានក្រុម Ruben Neves ទៅ Al-Hilal តម្លៃ ៤៧ លានផោន និងខ្សែប្រយុទ្ធ Raul Jimenez ទៅកាន់ Fulham តម្លៃ ៥ លានផោន៕ អត្ថបទ៖នាង សុភាវុធ
