ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថា ក្នុងវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីកូវីដ១៩ និងវិបត្តិនៃសង្គ្រាម រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន វិស័យមូលបត្រក្នុងប្រទេសកម្ពុជា នៅតែមានដំណើរដោយរលូន ប៉ុន្តែយ៉ាងណាក្ដីទំហំទឹកប្រាក់ជួញដូរភាគហ៊ុនបានថមថយបន្តិច តែចំនួនអ្នកជួញដូរភាគហ៊ុនមានការកើនឡើង។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនដល់និយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី២៤ សីហា ២០២៣នេះ បានប្រសាសន៍ប្រាប់ឲ្យដឹងថា ក្នុងពេលប្រទេសទាំងអស់បានទទួលរងនូវភាពប្រឈម និងវឹកវរដោយសារតែវិបត្តិនានា កម្ពុជាក៏មានភាពប៉ះពាល់មួយចំនួនដែរ ជាក់ស្ដែងអ្នកដែលធ្លាប់ជួញដូរធំៗ បានងាកមកជួញដូរក្នុងកម្រិតស្រាល ប៉ុន្តែអ្វីដែលយើងអាចធានាបាននោះគឺជាលំនឹង និងស្ថិរភាពទីផ្សាររបស់យើង។
ឯកឧត្តមអគ្គនាយក បានបន្ថែមថា ទៅថ្ងៃអនាគត ជាពិសេសក្រោយពេលកម្ពុជាផ្លាស់ប្តូរសមាសភាពរាជរដ្ឋាភិបាល វិស័យមូលបត្ររំពឹងថា នឹងមានដំណើរការរីកចម្រើនទៅមុខជាលំដាប់បន្ថែមទៀត ហើយនៅចុងឆ្នាំ២០២៣នេះ នឹងមានក្រុមហ៊ុនមួយចំនួនទៀតចុះបញ្ជីក្នុងក្រុមហ៊ុនមូលបត្រកម្ពុជា ដូចជាក្រុមហ៊ុនចុះបញ្ជីលក់មូលនិធិបំណុល និងក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រក្នុងផ្សារមូលបត្រកម្ពុជា ហើយភាពប្រាកដប្រជាយ៉ាងណានោះ អាស្រ័យលើការសម្រេចរបស់ក្រុមហ៊ុន។
គិតមកដល់បច្ចុប្បន្ននេះ និយ័តករមូលបត្រកម្ពុជា ជាអាជ្ញាធរដែលមានតួនាទីគ្រប់គ្រង និងត្រួតពិនិត្យលើរាល់សកម្មពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា បានផ្តល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួនជាង ៤ម៉ឺន ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមានចំនួនជាង ៩៩% និងវិនិយោគិនសញ្ញាត្តិខ្មែរមានចំនួនជាង ៨៧%៕អត្ថបទ៖ឈិត បូរ៉ាវី