រុស្ស៊ី៖ កងកម្លាំងក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner កំពុងខឹងសម្បាប្រឆាំងជនក្បត់ជាតិរុស្ស៊ី និងកំពុងរៀបចំផែនការសងសឹកបន្ទាប់ពីការស្លាប់ជាក់ស្តែងរបស់មេដឹកនាំពួកគេគឺលោក Yevgeny Prigozhin ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីថ្ងៃពុធ។ សេចក្តីថ្លែងការណ៍ដែលបានបង្ហោះកាលពីយប់មិញដោយ Grey Zone ជាគណនីតេឡេក្រាមជិតស្និទ្ធនឹងមេដឹកនាំក្រុមហ៊ុនទាហានស៊ីឈ្នួលWagner បានបង្ហាញការខឹងសម្បា។ សេចក្តីថ្លែងការណ៍និយាយថា ប្រធានក្រុមហ៊ុន Wagner ជាវីរបុរសរបស់ប្រទេសរុស្ស៊ីជាអ្នកស្នេហាជាតិពិតប្រាកដនៃប្រទេសរបស់លោក ដែលលោក Yevgeny Viktorovich Prigozhin បានស្លាប់ដោយសារសកម្មភាពរបស់ជនក្បត់ចំពោះប្រទេសរុស្ស៊ី។
វាពុំច្បាស់ថាអ្វីដែលនាំទៅដល់ការធ្លាក់យន្តហោះនោះទេ ប៉ុន្តែវាត្រូវបានគេយល់ដឹងជាទូទៅថាជាការធ្វើឃាតដោយអាជ្ញាធររុស្ស៊ី ជាការវាយតម្លៃដែលគណនី Grey Zone ហាក់ដូចជាយល់ស្រប។ អង្គភាពសេវាព័ត៌មានរុស្ស៊ីឯករាជ្យ Mozhem Obysanit បានរាយការណ៍ថា អតីតអ្នកក្រោមបង្គាប់ក្រុមហ៊ុន Wagner និងអ្នកគាំទ្ររបស់របស់លោក Prigozhin កំពុងដាក់បណ្តាសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ព្រមទាំងគំរាមសងសឹកលើពួកគេ។
លោក Prigozhin ទំនងជាត្រូវបានសម្លាប់នៅពេលដែលយន្តហោះរបស់លោកបានធ្លាក់ក្នុងផ្លូវធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg កាលពីថ្ងៃពុធ ដែលមានរយៈពេលពីរខែបន្ទាប់ពីមានការបះបោររយៈពេលខ្លីប្រឆាំងក្រសួងការពារជាតិរុស្ស៊ី។ វិទ្យាស្ថានសម្រាប់ការសិក្សាអំពីសង្រ្គាមនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានចាត់ទុកការធ្លាក់យន្តហោះនេះថាជា «ការធ្វើឃាត» និងជាចុងបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដើម្បីបំផ្លាញក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ៕

