ប្រធានកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales នឹងលាលែងពីតំណែង បន្ទាប់ពីត្រូវបានថ្កោលទោសយ៉ាងពេញទំហឹងពីពិភពបាល់ទាត់ ចំពោះការថើបមាត់កីឡាការិនីអេស្ប៉ាញ បន្ទាប់ពីអេស្ប៉ាញឈ្នះជើងឯកបាល់ទាត់នារីពិភពលោក នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោក Rubiales អាយុ ៤៦ ឆ្នាំនឹងដាក់សំណើលាលែងពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) នៅថ្ងៃសុក្រនេះនៅឯមហាសន្និបាតវិសាមញ្ញមួយ នេះបើយោងតាមរបាយការណ៍។

បន្ទាប់ពីក្រុមអេស្ប៉ាញឈ្នះ ១-០ លើក្រុមអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងស៊ីដនីកាលពីថ្ងៃអាទិត្យ Rubiales បានឱបខ្សែបម្រើ Jennifer Hermoso និងថើបបបូរមាត់។
រដ្ឋមន្ត្រីអេស្ប៉ាញទទួលបន្ទុកសមភាពលោកស្រី Irene Montero សរសេរលើបណ្តាញសង្គមភ្លាមៗបន្ទាប់ពីរបាយការណ៍នេះបានលេចឡើងថា "ភាពជាស្ត្រីកំពុងផ្លាស់ប្តូរអ្វីៗទាំងអស់" ។
Rubiales ស្ថិតក្រោមសម្ពាធដែលមិនធ្លាប់មានពីមុនមកក្នុងការលាលែងពីតំណែង ជាមួយនឹងការរិះគន់ជាច្រើនដូចជា នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez លីគនារីរបស់អេស្ប៉ាញ និងក្លឹប La Liga បុរសមួយចំនួន ក៏ដូចជាអន្តរជាតិផងដែរ។
Rubiales ក្រោយមកក៏ចេញសុំទោសជាសាធារណៈផងដែរ តែនាយករដ្ឋមន្ត្រីអេស្ប៉ាញថាមិនគ្រប់គ្រាន់ឡើយ៕ អត្ថបទ៖នាង សុភាវុធ