រឿងរ៉ាវទិញដូរកីឡាករពីអឺរ៉ុប មិនទាន់បិទបញ្ចប់ឡើយសម្រាប់លីគបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ស្របពេលចុងក្រោយនេះក្លិបបាល់ទាត់ Al-Ittihad កំពុងចង់បានខ្សែប្រយុទ្ធ Liverpool, Mohamed Salah។
បើតាមការចុះផ្សាយពីសារព័ត៌មានជាច្រើនឱ្យដឹងថា Al-Ittihad ហ៊ានឱ្យប្រាក់ឈ្នួល Salah ច្រើនជាងគេនៅ Saudi Pro League រឺលើស Cristiano Ronaldo ទៅទៀត និងហ៊ានផ្លូវតម្លៃផ្ទេរទៅ Liverpool មិនក្រោម ១០០ លានផោនឡើយដើម្បីយកកីឡាករអេស៊ីបរូបនេះ។

គេមិនទាន់ដឹងពីស្ថានភាពនៃការចរចាវិវឌ្ឍដល់កម្រិតណានៅឡើយ តែភ្លាមៗនោះដែរ ហង្សក្រហម Liverpool បានបញ្ជាក់ថា Salah មិនស្ថិតក្នុងគម្រោងលក់របស់ក្លិបឡើយ។
កីឡាករវ័យ ៣១ ឆ្នាំ Mohamed Salah បានមកកាន់ Liverpool តាំងពីឆ្នាំ ២០១៧ ផ្ទេរពី Roma នៅសល់កិច្ចសន្យា ២ ឆ្នាំទៀតជាមួយ Liverpool បន្ទាប់ពីទើបចុះកិច្ចសន្យាថ្មីរដូវកាលមុន។
គិតមកដល់ពេលនេះ Salah បានស៊ុតបញ្ចូលទី ១៨៧ គ្រាប់ហើយក្នុងការបង្ហាញខ្លួន ៣០៧ ប្រកួតឱ្យ Liverpool ឈ្នះពាន English Premier League, UEFA Champions League, FA Cup, League Cup, FIFA Club World Cup និង UEFA Super Cup។

Liverpool រដូវកាលនេះបាត់បង់កីឡាករជាច្រើនដែលបានចាកចេញរួមមាន James Milner, Alex Oxlade-Chamberlain, Naby Keita, Fabinho និង Jordan Henderson។
ចំណែក Al-Ittihad របស់អារ៉ាប៊ីសាអ៊ូឌីតរដូវក្តៅនេះបាននាំយក Karim Benzema, Fabinho, N’Golo Kante និង Jota ពី Celtic៕ អត្ថបទ៖នាង សុភាវុធ
