BRICS៖ ប្លុកនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍BRICS បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទទួលស្គាល់ប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប អាហ្សង់ទីន និងអារ៉ាប់រួម ក្នុងចំណាត់ការមួយមានគោលបំណងពន្លឿនការយុទ្ធនាការជំរុញខ្លួន ដើម្បីរុះរើសណ្ដាប់ធ្នាប់ពិភពលោក ដែលខ្លួនមើលឃើញថាហួសសម័យកាលទៅហើយ។
ក្នុងការសម្រេចគាំទ្រការពង្រីកប្លុក ដែលជាការសម្រេចលើកទីមួយក្នុងរយៈពេល១៣ឆ្នាំមកនេះ បណ្ដាមេដឹកនាំ BRICS បានបើកទ្វារចំហសម្រាប់ការពង្រីកនាពេលអនាគត ខណៈដែលប្រទេសរាប់សិបទៀត បានសម្តែងចំណាប់អារម្មណ៍ក្នុងការចូលរួមជាក្រុមនេះ ដែលពួកគេសង្ឃឹមថាអាចឈានដល់ការអភិវឌ្ឍកម្រិតសកល។
ការពង្រីកនេះ បានបន្ថែមភាពរឹងមាំផ្នែកសេដ្ឋកិច្ចដល់ក្រុម BRICS ដែលសមាជិកបច្ចុប្បន្នរបស់ប្លុកនេះគឺប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់ពិភពលោក ក៏ដូចជាប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។ វិធានការនេះក៏អាចពង្រីកមហិច្ឆតាដែលខ្លួនបានប្រកាសក្នុងការក្លាយជាម្ចាស់ជើងឯកនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូងផងដែរ។
ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បាននិយាយនៅពេលលោកដាក់ឈ្មោះប្រទេសចូលជាសមាជិក ក្នុងអំឡុងកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃរបស់មេដឹកនាំ ដែលលោកកំពុងធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងថា សមាជិកថ្មីទាំង៦ប្រទេសនេះ នឹងក្លាយជាសមាជិកផ្លូវការរបស់ប្លុកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕

