ភ្នំពេញ៖សាលារាជធានីភ្នំពេញបានអំពាវនាវទៅដល់ថៅកែ និងម្ចាស់សហគ្រាស និងក្រុមហ៊ុនឯកជនទាំងអស់ ឱ្យអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនបានទៅចាក់វ៉ាក់សាំងឱ្យបានលឿន។
ក្នុងសេចក្ដីអំពាវនាវនៅថ្ងៃនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញឱ្យបានគ្រប់ៗគ្នាយ៉ាងយូរបំផុតត្រឹមចុងខែមិថុនាខាងមុខនេះ។
លោក ឃួង ស្រេង បញ្ជាក់ទៀតថា ដើម្បីជំរុញដំណើរការចាក់វ៉ាក់សាំងឱ្យសម្រេចបានតាមការគ្រោងទុក លោកស្នើទៅម្ចាស់ ឬនាយកគ្រប់គ្រងសហគ្រាស និងក្រុមហ៊ុនឯកជនទាំងអស់ អនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនទទួលបានការចាក់វ៉ាក់សាំងទាំង ២ដូស។
បើតាមសេចក្ដីអំពាវនាវនេះ ប្រជាពលរដ្ឋសរុបដល់ទៅជាង ១លាន ៦៣ម៉ឺននាក់ហើយអាយុចាប់ពី ១៨ឆ្នាំឡើង បានទទួលការចាក់វ៉ាក់សាំងទាំងពីរលើក គិតត្រឹមថ្ងៃម្សិលមិញនេះ៕អត្ថបទ ៖ សុធី