អ៊ុយក្រែន៖ មន្ត្រីក្នុងទីក្រុង Kyiv បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានអនុវត្តប្រតិបត្តិការដ៏ស្មុគស្មាញ និងប្រកបដោយមហិច្ឆតាបំផុតរបស់ពួកគេរហូតមកដល់បច្ចុប្បន្ន ប្រឆាំងទីតាំងយោធារុស្ស៊ី នៅក្នុងតំបន់គ្រីម៉េដែលត្រូវបានចូលគ្រប់គ្រង។ យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងពិសេសបានចូលចតនៅឆ្នេរភាគខាងលិចតំបន់គ្រីម៉េ នៅជិតទីតាំងតាំងលំនៅក្រុង Olenivka និងក្រុង Mayak ក្នុងប្រតិបត្តិការរួមគ្នាជាមួយកងទ័ពជើងទឹករបស់ប្រទេស។ ខណៈកំពុងបំពេញភារកិច្ច អ្នកការពារអ៊ុយក្រែនបានប៉ះទង្គិចជាមួយអង្គភាពអ្នកចូលកាន់កាប់។ ជាលទ្ធផល សត្រូវបានបាត់បង់ក្នុងចំណោមបុគ្គលិករបស់ខ្លួន និងបានបំផ្លាញយុទ្ធោបករណ៍របស់សត្រូវ។
ខណៈពួកគេនៅទីនោះ អង្គភាពអ៊ុយក្រែន បានលើកទង់ជាតិ។ អាជ្ញាធរដែលតែងតាំងដោយរុស្ស៊ីនៅតំបន់គ្រីម៉េ ឧបទ្វីបអ៊ុយក្រែនដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងរបស់ទីក្រុងមូស្គូតាំងពីឆ្នាំ ២០១៤ ពុំបានឆ្លើយតបទៅនឹងការអះអាងនេះទេ។ ប្រតិបត្តិការនេះ នឹងបង្កើតបានជាចលនាដ៏ក្លាហានបំផុតរបស់ទីក្រុង Kyiv ចាប់តាំងពីការចាប់ផ្តើមការវាយបករបស់ខ្លួនលើកងទ័ពរុស្ស៊ី ដែលរហូតមកដល់ពេលនេះមានការរីកចម្រើនតិចតួចប៉ុណ្ណោះ។ ថ្មីៗនេះ ទីក្រុង Kyiv បានបង្កើនការវាយប្រហារដោយយានដ្រូនលើតំបន់គ្រីម៉េ ក្នុងការជំរុញដើម្បីបង្អាក់កិច្ចខិតខំប្រឹងប្រែងផ្នែកភស្តុភារ និងការផ្គត់ផ្គង់របស់រុស្ស៊ី ។
តំបន់នេះ មានប្រព័ន្ធការពារដែនអាកាស និងទីតាំងមីស៊ីលយ៉ាងទូលំទូលាយ រួមទាំងប្រព័ន្ធទំនើបៗផងដែរ។ យោធាអ៊ុយក្រែនបាននិយាយថាពួកគេបានបំផ្លាញប្រព័ន្ធការពារមីស៊ីល S-400 នៅក្នុងតំបន់នោះ។ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរុស្ស៊ីក្រៅផ្លូវការ បាននិយាយអំពីការបាញ់ប្រហារនៅជិតទីតាំងបោះជំរុំនៅ តំបន់ Cape Tarkhankut ជាចំណុចចុងភាគខាងលិចនៅតំបន់គ្រីម៉េ មុនពេលថ្ងៃរះកាលពីថ្ងៃព្រហស្បតិ៍៕

