សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានធ្វើការចាប់ឆ្នោតបែងចែកពូល សម្រាប់ការប្រកួតវគ្គចែកពូល(Group Stage) នៃការប្រកួតជម្រើសជើងឯកពានរង្វាន់ AFC Cup 2023/24 រួចហើយ កាលពីថ្ងៃទី២៤ ខែសីហាម្សិលមិញ ដោយក្រុមតំណាងកម្ពុជា គឺក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូល F ជាមួយក្រុមមកពី ៣ប្រទេសផ្សេងទៀត រួមមានក្រុម Macarthur FC មកពីអូស្ដ្រាលី, ក្រុម Dyanamic Herb Cebu FC មកពីហ្វីលីពីន និងក្រុម Shan United មកពីមីយ៉ាន់ម៉ា ។

ការចាប់ឆ្នោតនេះ ធ្វើឡើង ១ថ្ងៃ ក្រោយបញ្ចប់ការប្រកួតជម្រុះតាមតំបន់នីមួយៗ នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ពិសេសក្រុមភ្នំពេញក្រោន ដែលបានយកឈ្នះ Young Elephants FC របស់ឡាវ ដោយលទ្ធផល ៣-០ ក្នុងវគ្គជម្រុះបឋម(Preliminary Stage) កាលពីថ្ងៃទី១៦ ខែសីហា មុនបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះ Tampines Rover FC របស់សិង្ហបុរី ដោយលទ្ធផល ៣-២ ក្នុងវគ្គ Play-Off កាលពីថ្ងៃទី២៣ ខែសីហាថ្មីៗនេះ ។
ចំពោះការប្រកួតវគ្គចែកពូល នៃពានរង្វាន់ AFC Cup 2023/2024 គ្រោងនឹងធ្វើការប្រកួត ចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយប្រើប្រព័ន្ធប្រកួតក្នុងដី និងក្រៅដី(Home/Away) ពោលគឺក្រុមនីមួយៗ ត្រូវធ្វើការប្រកួត ២ជើង ដើម្បីសន្សំពិន្ទុ និងស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ដ ។ តាមរយៈនេះ មានន័យថា ក្រុមភ្នំពេញក្រោន របស់កម្ពុជា ក៏នឹងត្រូវធ្វើម្ចាស់ផ្ទះចំនួន ៣ប្រកួតក សម្រាប់ការប្រកួតពូលF នៃវគ្គចែកពូលប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះផងដែរ៕ អត្ថបទ៖ លី ឈុនឡា
