អាមេរិក៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្តឹងក្រុមហ៊ុនរ៉ុកែត និងផ្កាយរណប ដែលគ្រប់គ្រងដោយមហាសេដ្ឋីលោក Elon Musk កាលពីថ្ងៃព្រហស្បតិ៍ (២៤សីហា) ពីបទរើសអើងប្រឆាំងនឹងអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួនក្នុងការជួលបុគ្គលិក។ យោងតាមបណ្តឹងរបស់ក្រសួងយុត្តិធម៌ DOJ បានឲ្យដឹងថា យ៉ាងហោចណាស់ចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនអវកាស SpaceX បានបំបាក់ទឹកចិត្តអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួន ពីការដាក់ពាក្យសុំការងារ ហើយជៀសវាងការពិចារណារើសយកពួកគេ ដោយសារតែស្ថានភាពសញ្ជាតិរបស់អ្នកទាំងនោះ ដូច្នេះនេះជាការរំលោភលើច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ។
ក្រសួងយុត្តិធម៌បាននិយាយថា នៅក្នុងការប្រកាសការងារ និងសេចក្តីថ្លែងការណ៍ជាសាធារណៈក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន SpaceX បានអះអាងដោយខុសថា ក្រោមនិយ័តកម្មរបស់សហព័ន្ធ ដែលគេស្គាល់ថាជាច្បាប់គ្រប់គ្រងការនាំចេញ ក្រុមហ៊ុន SpaceX អាចជួលបុគ្គលិកបានតែពលរដ្ឋអាមេរិក និងអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ដែលជួនកាលហៅថា «អ្នកមានកាតបៃតង»។
នាយកដ្ឋានយុត្តិធម៌ ក៏បានចង្អុលទៅការបង្ហោះតាមអ៊ីនធឺណិត ពីម្ចាស់ក្រុមហ៊ុនមួយនេះគឺលោក Musk ជាឧទាហរណ៍នៃ «សេចក្តីថ្លែងការណ៍សាធារណៈដែលបានរើសអើង»។ ពាក្យបណ្តឹង នេះបានសំអាងដល់ការបង្ហោះក្នុងខែមិថុនាឆ្នាំ២០២០ នៅលើបណ្ដាញសង្គម X ដែលពីមុនមានឈ្មោះថាបណ្ដាញសង្គម Twitter ដោយនាយកប្រតិបត្តិក្រុមហ៊ុននេះគឺលោក Musk ទៅកាន់អ្នកតាមដានចំនួន៣៦លាននាក់របស់លោកថា «ច្បាប់របស់សហរដ្ឋអាមេរិក ទាមទារយ៉ាងហោចណាស់កាតបៃតង ដើម្បីក្លាយជាបុគ្គលិកនៅក្រុមហ៊ុន SpaceX ព្រោះគ្រាប់រ៉ុកែតគឺជាបច្ចេកវិទ្យាអាវុធទំនើប»។
ក្រសួងយុត្តិធម៌បាននិយាយថា សហរដ្ឋអាមេរិក បានពិចារណាដោយស្មើភាព និងទាមទារប្រាក់សំណងសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួន ដែលត្រូវបានរារាំង ឬបដិសេធការងារនៅក្រុមហ៊ុន SpaceX ដោយសារតែការរើសអើង ដែលត្រូវបានចោទប្រកាន់នោះ៕

