អូស្ត្រាលី៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាឡែស (Richard Marles) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអូស្ត្រាលី មានចំណាប់អារម្មណ៍ផ្នែកសន្តិសុខនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយហ្វីលីពីនលើការល្បាតរួមគ្នា។
បុគ្គលិកការពារជាតិអូស្ត្រាលី និងហ្វីលីពីនជាង ២.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធចុះចតក្នុងទឹកនិងលើគោក និងវាយប្រហារតាមផ្លូវអាកាស ដោយមាននាវាកងទ័ពជើងទឹកអូស្ត្រាលីពីរគ្រឿងគឺ HMAS Canberra និង HMAS ANZAC ធ្វើសមយុទ្ធទ្វេភាគីជាមួយកងទ័ពជើងទឹកហ្វីលីពីន។
សមយុទ្ធរួមដែលជាសមយុទ្ធលើកដំបូងសម្រាប់ប្រទេសទាំងពីរ កើតឡើង ចំពេលមានភាពតានតឹងជាថ្មីរវាងហ្វីលីពីន និងចិននៅសមុទ្រចិនខាងត្បូងនេះ។
លោកម៉ាឡែស បាននិយាយនៅក្នុងការអត្ថាធិប្បាយទៅកាន់វិទ្យុ ABCថា មាន«ទំនាក់ទំនងការពារជាតិដែលកំពុងរីកចម្រើនយ៉ាងខ្លាំងរវាងប្រទេសទាំងពីររបស់យើង»ហើយថា អូស្ត្រាលីចង់បានការល្បាតបន្ថែមទៀតជាមួយកងទ័ពជើងទឹកហ្វីលីពីន។
លោក បាននិយាយថា ពាណិជ្ជកម្មភាគច្រើនរបស់អូស្ត្រាលីឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយការប្រកាន់ភ្ជាប់ច្បាប់អន្តរជាតិ គឺជាផលប្រយោជន៍យុទ្ធសាស្ត្ររួមជាមួយប្រទេសហ្វីលីពីន៕



