UN៖ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនភ្លាមៗ នៅក្នុងកិច្ចប្រជុំមួយដែលចូលដល់ខួប១៨ខែ ចាប់តាំងពីការចាប់ផ្តើមការឈ្លានពាន។
ក្រុមប្រឹក្សាសន្តិសុខ បានពិភាក្សាពីសស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ រយៈពេល៣២ឆ្នាំបន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីអតីតសហភាពសូវៀត។
ឯកអគ្គរដ្ឋទូតជប៉ុនលោក Ishikane Kimihiro បាននិយាយថា ជប៉ុននឹងបន្តគាំទ្រអ៊ុយក្រែន។ លោកនិយាយថារុស្ស៊ីគួតែដកកងទ័ពនិងយុទ្ធោបករណ៍ភ្លាមៗរបស់ខ្លួនទាំងអស់ ហើយទីក្រុងមូស្គូត្រូវតែគោរពឯករាជ្យភាព ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Linda Thomas-Greenfield បានិយាយថា រុស្ស៊ីបានផ្ទេរឬធ្វើនិរទេសដោយបង្ខំ នូវកុមារអ៊ុយក្រែនរាប់ពាន់នាក់ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២។
លោកស្រីនិយាយថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើអង្គភាពចំនួន២ និងបុគ្គលចំនួន១១នាក់ រួមមានអ្នកទាំងឡាយដែលតាមសេចក្តីរាយការណ៍ថាមានការទទួលខុសត្រូវសម្រាប់ការផ្ទេរឬនិរទេសដោយបង្ខំនូវកុមារអ៊ុយក្រែនរាប់ពាន់នាក់ទៅកាន់ជំរំ។ បេសកជនពិសេសរូបនេះបាននិយាយថា សហរដ្ឋអាមេរិក នឹងមិនរងចាំនោះទេខណៈរុស្ស៊ីអនុវត្តឧក្រិដ្ឋកម្មសង្គ្រាមទាំងនេះ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vassily Nebenzia និយាយថាការចោទប្រកាន់អំពីការចាប់ពង្រត់កុមារអ៊ុយក្រែនពីសំណាក់រុស្ស៊ី គឺជាការភូតកុហក់ ហើយប្រទេសរបស់លោក ពិតជាមានការសង្គ្រោះពួកគេ៕
