
សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនលើយន្តហោះចម្បាំង F-16 ចាប់ពីខែក្រោយ ដោយចូលរួមជាមួយសម្ព័ន្ធមិត្តផ្សេងទៀត ដែលធ្វើការដើម្បីពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែនប្រហែល១៨ខែ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។
អាកាសយានិកទាំងនោះ នឹងត្រូវនាំយកទៅសហរដ្ឋអាមេរិកក្នុងខែកញ្ញា ជាកន្លែងដែលពួកគេនឹងរៀនភាសាអង់គ្លេសជាដំបូង មុនពេលចាប់ផ្តើមការបណ្តុះបណ្តាលរបស់ពួកគេអំពីរបៀបហោះហើរយន្តហោះចម្បាំងដ៏ទំនើបនេះ។
ថ្លែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ប៉ាត រីឌឺ (Pat Ryder) បាននិយាយថា ការហ្វឹកហ្វឺននៅរដ្ឋតិចសាស់ និងអារីហ្សូណា នឹងមានអ្នកបើកយន្តហោះជា «ច្រើននាក់»និងបុគ្គលិក «រាប់សិបនាក់»ដើម្បីថែទាំយន្តហោះ។
សេតវិមាន បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងសមភាគីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានពិភាក្សាអំពីកម្មវិធីបណ្តុះបណ្តាល នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយ កាលពីថ្ងៃព្រហស្បតិ៍។