
យោងតាមការសិក្សាថ្មីមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ការសម្រេចភ្លាមៗរបស់ប្រទេសចិន ក្នុងការដកចេញនូវច្បាប់គ្រប់គ្រងដ៏តឹងរ៉ឹងរបស់ខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានព្រលែងវីរុសទៅកាន់អ្នកស្រុកចំនួន១,៤ពាន់លាននាក់នោះ អាចជាហេតុនាំឲ្យមានអ្នកស្លាប់យ៉ាងច្រើនជិតដល់ ២លាននាក់ ក្នុងរយៈពេល ២ខែបន្ទាប់ពីនោះ។
ការសិក្សាដោយមជ្ឈមណ្ឌលមហារីក Fred Hutchinson ដែលទទួលបានមូលនិធិពីសហព័ន្ធ នៅទីក្រុង Seattle (ស៊ីអាថល) ត្រូវបានគេយកចេញពីគំរូនៃទិន្នន័យមរណភាព ដែលត្រូវបានបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យមួយចំនួន ក្នុងប្រទេសចិន និងការស្វែងរកតាមប្រព័ន្ធអ៊ិនធឺណិត។
ការសិក្សានោះ បានរកឃើញថា ការស្លាប់ដ៏ច្រើនដោយសារមូលហេតុគ្រប់យ៉ាងប្រមាណ ១,៨៧លាននាក់នោះ បានកើតឡើងក្នុងចំណោមមនុស្សដែលមានអាយុលើសពី ៣០ឆ្នាំ ចន្លោះខែធ្នូ ឆ្នាំ២០២២ ដល់ខែមករា ឆ្នាំ២០២៣ ហើយគេសង្កេតឃើញមាននៅក្នុងខេត្តទាំងអស់នៃប្រទេសចិនដីគោក លើកលែងតែទីបេប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការសម្រេចចិត្តរបស់ចិន កាលពីខែធ្នូឆ្នាំមុន ដើម្បីបញ្ចប់គោលនយោបាយកូវីដសូន្យ រយៈពេល ៣ឆ្នាំ ដែលរួមមានការធ្វើតេស្តទ្រង់ទ្រាយធំ និងបិទខ្ទប់ឲ្យនៅដាច់ដោយឡែកពីគេយ៉ាងតឹងរ៉ឹង និងជាប់លាប់ បាននាំឲ្យមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនឡើងយ៉ាងខ្លាំង និងការបាត់បង់ជីវិត ដែលអ្នកជំនាញសុខភាព និយាយថា ភាគច្រើនមិនត្រូវបានរាយការណ៍ពីរដ្ឋាភិបាលនោះទេ។
ការសិក្សាដែលបានចេញផ្សាយ ក្នុងគេហទំព័រវេជ្ជសាស្ត្រ JAMA Network Open កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែសីហា) បានឲ្យដឹងថា ចំនួននៃការស្លាប់ដ៏ច្រើនហួសកម្រិតនេះ គឺលើសពីការប៉ាន់ស្មានផ្លូវការរបស់រដ្ឋាភិបាលចិន ក្នុងខែមករា ដែលថា មនុស្ស ៦០.០០០នាក់ ដែលកើតជំងឺកូវីដ-១៩ បានស្លាប់នៅក្នុងមន្ទីរពេទ្យ គិតចាប់តាំងពីគោលនយោបាយកូវីដសូន្យ ត្រូវបានដកចេញមួយខែមុន៕