ឧត្តរមានជ័យ៖ កម្លាំងផែនជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យចាប់ឃាត់ខ្លួនជនសង្ស័យមានគ្នា ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននិងប្រើប្រាស់អាវុធខុសច្បាប់ដែលជាមុខសញ្ញាចាស់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០២១នេះ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ជនសង្ស័យដែលមានគ្នាចំនួន ០៤នាក់ ក្នុងនោះ ០៣នាក់ ជាមុខសញ្ញាចាស់ធ្វើការឃាត់ខ្លួននៅសង្កាត់អូរស្មាច់នឹងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅសង្កាត់កូនក្រៀល ទី១.មានឈ្មោះ តៀង វ័ន្ត ហៅ ឃ្លី ភេទប្រុសអាយុ៣៤ឆ្នាំ ទី២.ឈ្មោះ ត្រាក់ ពិសី ភេទប្រុសអាយុ៤២ឆ្នាំទី៣.ឈ្មោះអ៊ឹម រតនា ភេទប្រុសអាយុ២៧ឆ្នាំទី៤ឈ្មោះង៉ែត រិទ្ធ ភេទប្រុសអាយុ២៩ឆ្នាំ។
ករណីបង្ក្រាបជនសកម្មគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់៤នាក់ខាងលើនេះសមត្ថកិច្ចបានដកហូតវត្ថតាំងរួមមាន រថយន្តលិចស៊ីសRX ៣៣០ ពណ៌ស១គ្រឿង ស្លាក់ខ/ម ២-១១៦៨ កាំភ្លើងAK៤៧ កាត់ចុងមួយដើម គ្រប់១បង់ កាំបិតខ្លីចំនួន៣ដើម ថ្នាំញៀនប្រភេទទឹកកកចំនួន៣កញ្ចប់នឹងសម្ភារៈពាក់ព័ន្ធមួយចំនួនផងដែរ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថា ជនសង្ស័យ៣នាក់ជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនពេលនេះ ០៣នាក់ធ្លាប់ធ្វើសកម្មភាពជាប់ទោសពាក់ព័ន្ធនឹងគ្រឿងញៀននៅឆ្នាំ២០១៤- ២០១៧ និងឆ្នាំ២០២០ ធ្លាប់ជាប់ឃុំពាក់ព័ន្ធករណីគ្រឿងញៀនមិនរាងចាលនៅតែបន្តធ្វើសកម្មភាពជួញដូរ និងចែកចាយត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្តងទៀតនិងពាក់ព័ន្ធជាប់សាធាតុញាណក្នុងខ្លួនបន្តទៀត។
លោកស្នងការខេត្តឧត្តរមានជ័យបញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់នៅឆ្នាំ២០២០ បានធ្វើការបាញ់រះជាច្រើនគ្រប់មកលើកម្លាំងសមត្ថកិច្ចក្នុងស្រុកអន្លង់វែង បណ្តាឲ្យរងរបួសធ្ងន់ម្នាក់ ខណៈសមត្ថកិច្ចកំពុងធ្វើការតាមប្រម៉ាញ់នៅចំណុចផ្លូវក្រវ៉ាត់ព្រំដែននោះ។
បច្ចុប្បន្នសមត្ថកិច្ចស្នងការនគរបាលខេត្តឧត្តរមានជ័យ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕ អត្ថបទ៖ ឃិន សារិទ្ធ


