
មជ្ឈមណ្ឌលថែទាំសុខភាពរដ្ឋ Massachusetts សហរដ្ឋអាមេរិក ដែលផ្តល់ការថែទាំយេនឌ័រ និយាយថា ខ្លួនបានត្រៀមថវិការាប់រយរាប់ពាន់ដុល្លារដើម្បីការពារបុគ្គលិក និងអ្នកជំងឺរបស់ខ្លួន ស្របពេលមានការកើនឡើងនៃការគំរាមកំហែង និងការបៀតបៀន ប្រឆាំងនឹងទីតាំងព្យាបាលមួយចំនួននៅក្នុងសហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលថែទាំ ដែលសុំមិនបញ្ចេញឈ្មោះដើម្បីជៀសវាងការទាក់ទាញបញ្ហាបន្ថែមទៀត បាននិយាយថា ខ្លួនបានរៃអង្គាសថវិកាចំនួន២៦១.០០០ដុល្លារពីប្រភពជំនួយចំនួន៥ ដើម្បីដាក់ប្រព័ន្ធសុវត្ថិភាពមួយដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងតាមរយៈការហៅទូរស័ព្ទ ការបៀតបៀន និងការគំរាមកំហែងធ្ងន់ធ្ងរដែលអាចកើតមានបន្ថែមទៀត។
រដ្ឋ Massachusetts មិនស្ថិតក្នុងចំណោមរដ្ឋទាំង២០ ដែលសភាមានសំឡេងភាគច្រើនមកពីគណបក្សសាធារណរដ្ឋ បានហាមឃាត់ ឬដាក់កម្រិតលើការព្យាបាលដូចជា ការទប់ស្កាត់ការឈានចូលភាពពេញវ័យ ការព្យាបាលដោយអរម៉ូន ឬការវះកាត់សម្រាប់អនីតិជនកែភេទនោះទេ។
ក្រុមអ្នកផ្តល់សេវាថែទាំ និងអ្នកតស៊ូមតិសម្រាប់អ្នកកែភេទនៅទូទាំងប្រទេស បានពិពណ៌នាអំពីការកើនឡើងនៃការគំរាមកំហែងប្រឆាំងនឹងមជ្ឈមណ្ឌលព្យាបាលជាច្រើន នៅក្នុងផ្នែកផ្សេងៗនៃប្រទេស រួមទាំងការបៀតបៀន និងការគំរាមតាមទូរស័ព្ទ ព្រមទាំងការផ្ញើសារគំរាមតាមអ៊ីនធឺណិត ដល់អ្នកកែភេទផងដែរ៕