
នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ីនធឺណិត បានផ្ទុះឡើងជាមួយនឹងរលកនៃរូបភាពកំប្លែងប្រកបដោយការច្នៃប្រឌិត និងការបង្ហោះបែបកំប្លែង បន្ទាប់ពីការចេញផ្សាយនៃរូបភាពពន្ធនាគារផ្លូវការរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រូបភាពដែលបានសាយភាយយ៉ាងឆាប់រហ័សនោះ បានបង្កឱ្យមានប្រតិកម្មជាច្រើនពីអ្នកប្រើប្រាស់នៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។
រូបភាពនោះ បង្ហាញពីមុខលោក ត្រាំ ដែលមើលទៅដូចជារូបថតពន្ធនាគារស្ដង់ដារ។ អតីតប្រធានាធិបតីរូបនេះស្លៀកឈុតពណ៌ខៀវ និងក្រវាត់ក្រហមក្នុងការថតរូបនោះ។ រូបភាពដែលត្រូវបានបង្ហោះលើអ៊ីនធឺណិតនោះ បានបង្ហោះជាមួយអក្សរហាសថេកថា រូបភាពពន្ធនាគារលោកត្រាំ (#TrumpMugshot) បានចាប់ផ្តើមពេញនិយមនៅលើបណ្ដាញសង្គម X ហើយក៏មានអ្នកផ្សេងទៀតបានសរសេរការពារលោកត្រាំ ជាមួយនឹងអក្សរហាសថេកថា ប្រធានាធិបតីរបស់ខ្ញុំ (#MyPresident)។
លោកត្រាំ ផ្ទាល់បានបង្ហោះរូបថតនោះទៅក្នុងគណនីសង្គម X របស់លោកជាមួយនឹងចំណងជើងថា DONALDJTRUMP.COM ដែលជាការបង្ហោះលើកដំបូងរបស់លោកចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ មក។ ការិយាល័យតម្រួតតំបន់ ហ្វាល់តុន (Fulton) បានចេញផ្សាយរូបថតផ្លូវការរបស់លោក ដូណាល់ ត្រាំ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (២៤សីហា)។ លោក ត្រាំ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទធ្វើខុសច្បាប់ដើម្បីបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ ក្នុងរដ្ឋចចា (Georgia) សហរដ្ឋអាមេរិក៕