
ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) បាននិយាយថា នៅពេលនេះ មិនទាន់មានព័ត៌មានណាមួយ ដែលបង្ហាញថា មីស៊ីលបាញ់ពីដីទៅអាកាស បានបាញ់ទម្លាក់យន្តហោះ ដែលត្រូវបានសន្មតិថា ដឹកមេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin នោះទេ។
ឧត្តមសេនីយ៍ត្រីកងទ័ពអាកាស លោក Patrick Ryder ដែលជាអ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ មិនបានផ្តល់ភ័ស្តុតាង ឬព័ត៌មានលម្អិតបន្ថែមអំពីអ្វីដែលមន្ត្រីអាមេរិកជឿថា បណ្តាលឲ្យយន្តហោះធ្លាក់នោះទេ ខណៈដែលលោក បានថ្លែងសុន្ទរកថា នៅឯសន្និសីទសារព័ត៌មានរបស់មន្ទីរបញ្ចកោណ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងពិនិត្យមើលការប៉ាន់ស្មានមួយចំនួនលើអ្វីដែលបណ្តាលឲ្យយន្តហោះរបស់លោក Prigozhin ធ្លាក់ ហើយបានលើកយកការលើកឡើងពីមន្ត្រីសហរដ្ឋអាមេរិកពីររូបដែលនិយាយថា កាំជ្រួចបាញ់ពីដីទៅអាកាស ទំនងជាបានវាយប្រហារយន្តហោះនោះ។ មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះ បានសង្កត់ធ្ងន់ថា ព័ត៌មាននៅតែជាការសន្មត់បឋម និងស្ថិតនៅក្រោមការពិនិត្យ តែមិនបានច្រានចោលការកែប្រែចំពោះការវាយតម្លៃនេះទេ។
លោក Ryder បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងមិនទាន់មានព័ត៌មានណាមួយជាក់លាក់ ដើម្បីចង្អុលបង្ហាញនៅពេលនេះនោះទេ ចំពោះរបាយការណ៍សារព័ត៌មាន ដែលបញ្ចេញមកថា មានប្រភេទមីស៊ីលបាញ់ពីដីទៅអាកាស បានបាញ់ទម្លាក់យន្តហោះនោះ»។
អាជ្ញាធរផ្លូវអាកាសរុស្ស៊ី បាននិយាយថា លោក Prigozhin ដៃស្តាំរបស់លោក លោក Dmitry Utkin និងមនុស្ស ៨នាក់ផ្សេងទៀត ស្ថិតនៅលើយន្តហោះឯកជនមួយ ដែលបានធ្លាក់ដោយគ្មានបន្សល់អ្នកនៅរស់រានមានជីវិត នាភាគពាយព្យនៃទីក្រុងម៉ូស្គូរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ (ទី២៣ ខែសីហា)។
គួរបញ្ជាក់ដែរថា ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ បានកើតឡើង ក្នុងរយៈពេល ២ខែ ដល់ត្រឹមថ្ងៃបន្ទាប់ពីលោក Prigozhin និងក្រុមទាហានស៊ីឈ្នួល Wagner របស់លោក បានចាប់ផ្តើមការបះបោរ ដែលឃើញថា ពួកគេបានកាន់កាប់ទីក្រុងភាគខាងត្បូង Rostov ហើយបានធ្វើដំណើរឆ្ពោះទៅទីក្រុងម៉ូស្គូ៕
