
ទីភ្នាក់ងារកុមារអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ បានព្រមានថា ១ឆ្នាំបន្តពីទឹកជំនន់ដ៏មហន្តរាយនៅប៉ាគីស្ថាន កុមារប្រមាណ៤លាននាក់ បន្តត្រូវការជំនួយមនុស្សធម៌ និងដំណើរការសេវាសំខាន់ៗនានា ខណៈកង្វះមូលនិធិនៅតែជាឧបសគ្គក្នុងការស្តារឡើងវិញ។
ការព្រមានពីអង្គការ UNICEF ធ្វើឡើងខណៈអាជ្ញាធរនៅខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន កំពុងប្រកួតប្រជេងទៅនឹងពេលវេលាដើម្បីជម្លៀសប្រជាជនពីតំបន់នានា ដែលរងផលប៉ះពាល់ដោយទឹកទន្លេ Sutlej ដែលពេញហៀរច្រាំង។ ចាប់តាំងពីថ្ងៃទី១ ខែសីហា ក្រុមអ្នកសង្គ្រោះបានជួយជម្លៀសពលរដ្ឋជាង ១សែននាក់ ពីតំបន់ដាច់ស្រយ៉ាល នៅក្នុងស្រុក Kasur និងស្រុក Bahawalpur។
រយៈពេលជាង៦ខែកន្លងទៅនេះ ប្រទេសរាប់សិបប្រទេស និងស្ថាប័នអន្តរជាតិនៅក្នុងសន្និសីទគាំទ្រដោយអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ បានសន្យា ជំនួយជាង៨ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយប្រទេសប៉ាគីស្ថានស្តារនិងកសាងឡើងវិញ ពីទឹកជំនន់កាលពីរដូវក្តៅ។ ប៉ុន្តែការសន្យាភាគច្រើន ស្ថិតនៅក្នុងទម្រង់នៃប្រាក់កម្ចីសម្រាប់គម្រោងនានា ដែលនៅតែស្ថិតក្នុងតំណាក់កាលនៃផែនការ។
អង្គការ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភ្លៀងមូសុងក្នុងរដូវកាល កំពុងធ្វើឲ្យកាន់តែធ្ងន់ធ្ងរ ចំពោះលក្ខខណ្ឌដែលកំពុងប្រឈមមុខរួចទៅហើយសម្រាប់សហគមន៍រងផលប៉ះពាល់ដោយទឹកជំនន់ ដែលបានឆក់យកជីវិតកុមារ៨៧នាក់ នៅទូទាំងប្រទេស។ សេចក្តីថ្លែងការណ៍ និយាយថា មនុស្សប្រមាណ៨លាននាក់ ប្រហែលពាក់កណ្តាលនៃទាំងអ្នកទាំងនេះជាកុមារ បន្តរស់នៅដោយគ្មានដំណើរការចូលនៃទឹកស្អាត នៅក្នុងតំបន់រងផលប៉ះពាល់ដោយទឹកជំនន់។