
កាសែត Wall Street Journal បានរាយការណ៍ថា អារ៉ាប៊ីសាអ៊ូឌីត កំពុងពិចារណាការដេញថ្លៃរបស់ចិន ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងព្រះរាជាណាចក្រនេះ ចំពេលមានការខកចិត្តចំពោះលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកសម្រាប់ការគាំទ្រដល់ការស្វែងរកថាមពលនុយក្លេអ៊ែររបស់ទីក្រុងរីយ៉ាដ។
សារព័ត៌មាន Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់សម្តីមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតដែលសុំមិនបញ្ចេញឈ្មោះថា សាជីវកម្មនុយក្លេអ៊ែរជាតិរបស់ប្រទេសចិន(CNNC) ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ បានស្នើសុំសាងសង់រោងចក្រនុយក្លេអ៊ែរនៅជិតព្រំដែនជាមួយប្រទេសកាតា និងអារ៉ាប់រួម។
សារព័ត៌មាននេះ បាននិយាយថា ក្រុមមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតសង្ឃឹមថា ការដេញថ្លៃរបស់ចិន នឹងជំរុញឲ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បន្ធូរបន្ថយលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការជួយដល់ឧស្សាហកម្មនុយក្លេអ៊ែររបស់ព្រះរាជាណាចក្រនេះ រួមទាំងការប្តេជ្ញាចិត្តមិនចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ឬជីកយករ៉ែអ៊ុយរ៉ានីញ៉ូមរបស់ពួកគេផ្ទាល់ទេ។
សារព័ត៌មាននេះ បាននិយាយថា ប្រទេសចិនទំនងជាមិនតម្រូវឲ្យទីក្រុងរីយ៉ាដប្រកាន់ខ្ជាប់នូវតម្រូវការបែបនេះ ដែលមានបំណងទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរនោះទេ។