
យុត្តិធម៌ត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់មួយនៃការព្យាបាលរបស់អ្នក ដែលរងគ្រោះពីការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទ។ ប៉ុន្តែសម្រាប់ស្ត្រី និងក្មេងស្រីៗជាច្រើន ដូចជាអ្នកដែលត្រូវបានរំលោភបំពាន នៅតំបន់ភាគខាងជើងនៃប្រទេសអេត្យូពី ការព្យាបាលនោះ អាចត្រូវបានគេបដិសេធចោល។
កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្ស បានបរិហារការគណៈកម្មការសិទ្ធិមនុស្សរបស់សហភាពអាហ្វ្រិក (AU) ដែលសម្រេចបញ្ឈប់ការស៊ើបអង្កេតរបស់ខ្លួនលើការរំលោភបំពាន ក្នុងសម័យសង្គ្រាម ដែលបានប្រព្រឹត្ត នៅតំបន់ Tigray របស់ប្រទេសអេត្យូពី។ អ្នកធ្វើយុទ្ធនាការទាំងនោះ បានចោទប្រកាន់គណៈកម្មការអាហ្រ្វិកស្តីពីសិទ្ធិមនុស្ស និងសិទ្ធិប្រជាជនថា «អាចចុះចាញ់នឹងសម្ពាធនយោបាយមិនត្រឹមត្រូវពីរដ្ឋាភិបាលអេត្យូពី។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបញ្ជាឲ្យមានការស៊ើបអង្កេតដាច់ដោយឡែកមួយ ចំពោះការរំលោភបំពាន ដែលប្រព្រឹត្តឡើងដោយភាគីទាំងអស់ នៅក្នុងជម្លោះស៊ីវិល ឆ្នាំ២០២១ ប៉ុន្តែប្រទេសអេត្យូពី បានច្រានចោលកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការស៊ើបអង្កេតអំពើឃោរឃៅ ដែលត្រូវបានរាយការណ៍ ដោយព្រមានថា ការស៊ើបអង្កេតទាំងឡាយ អាចធ្វើឲ្យខូចដល់ដំណើរការសន្តិភាព។
ការសិក្សាថ្មីមួយដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយគ្រូពេទ្យសម្រាប់សិទ្ធិមនុស្ស និងអង្គការដើម្បីយុត្តិធម៌ និងគណនេយ្យភាព នៅតំបន់ស្នែងអាហ្វ្រិក (Horn of Africa) បានវិភាគលើកំណត់ត្រាវេជ្ជសាស្រ្តចំនួន ៣០៤ករណី ដែលប្រមូលបានដោយចៃដន្យពីមណ្ឌលសុខភាព ក្នុងតំបន់ Tigray។
អ្នកស្រាវជ្រាវបានរកឃើញថា ការរំលោភផ្លូវភេទយ៉ាងហោចណាស់ចំនួន ១២៨ករណី បានកើតឡើង ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានចុះហត្ថលេខា កាលពីខែវិច្ឆិកាឆ្នាំមុន រវាងរដ្ឋាភិបាលសហព័ន្ធអេត្យូពី និងតំណាងក្រុមរណសិរ្សរំដោះប្រជាជនតំបន់ Tigray (TPLF)៕