
ការស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើងទៅលើការស្លាប់របស់មនុស្សចំនួន៨៨នាក់នៅក្នុងចក្រភពអង់គ្លេស ដែលបានទិញផលិតផលពីគេហទំព័រដែលមានមូលដ្ឋាននៅប្រទេសកាណាដា ដែលលក់សារធាតុដើម្បីជួយដល់ការធ្វើអត្តឃាត។
ការស៊ើបអង្កេតនេះ កើតឡើងបន្ទាប់ពី បុរសឈ្មោះ Kenneth Law ជនជាតិកាណាដាមានវ័យ ៥៧ ឆ្នាំត្រូវបានចាប់ខ្លួននៅខេត្ត Ontario និងត្រូវបានចោទប្រកាន់ពីបទផ្តល់ប្រឹក្សានិងជំនួយដល់ការធ្វើអត្តឃាតបន្ទាប់ពីមានការសង្ស័យថា បានលក់សារធាតុដែលបណ្តាលឲ្យស្លាប់ដល់មនុស្សនៅទូទាំងពិភពលោក។
ករណីនេះត្រូវបានគេរាយការណ៍ថា លោក Law ត្រូវបានចោទប្រកាន់ពីបទបញ្ជូនកញ្ចប់សារធាតុចំនួន ១.២០០កញ្ចប់ទៅកាន់ប្រទេសចំនួន៤០ ហើយឥឡូវនេះក៏ត្រូវបានស៊ើបអង្កេតដោយនគរបាលនៅក្នុងសហរដ្ឋអាមេរិក អ៊ីតាលី អូស្ត្រាលី និងនូវ៉ែលហ្សេឡង់ផងដែរ។
ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ (NCA) បានទទួលព័ត៌មានកាលពីខែមេសា ដែលបង្ហាញថា មនុស្សជាច្រើននាក់នៅចក្រភពអង់គ្លេស បានទិញផលិតផលពីគេហទំព័រដែលមានមូលដ្ឋាននៅប្រទេសកាណាដា ដែលលក់សារធាតុដើម្បីជួយដល់ការធ្វើអត្តឃាតដែលខ្លួនបានបញ្ជូនទៅកងកម្លាំងនគរបាល។