ភ្នំពេញ÷ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលា ស្តីពីការចាប់ផ្ដើមអនុវត្តគម្រោង សុខភាពភ្នែកប្រកបដោយនិរន្តរភាព និងសមធម៌ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
នៅក្នុងឱកាសនេះ លោកជំទាវមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ និងសេចក្ដីគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានចាត់តាំងឲ្យលោកជំទាវ ចូលរួមធ្វើជាតំណាងរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងកម្មវិធីបើកសិក្ខាសាលា ស្តីពីការចាប់ផ្ដើមអនុវត្តគម្រោង សុខភាពភ្នែកប្រកបដោយនិរន្តរភាព និងសមធម៌ នាពេលនេះ។
តាងនាមឱ្យក្រសួងសុខាភិបាល លោកជំទាវសូមកោតសរសើរចំពោះ កម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល ការចូលរួមចំណែកអនុវត្តកម្មវិធីពី ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា។









