នាយករដ្ឋមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រថា ភាពច្របូកច្របល់មួយរបស់អ្នកគាំទ្រកីឡាដែលព្យាយាមចូលទៅក្នុងពហុកីឡដ្ឋានជាតិរបស់ប្រទេសម៉ាដាហ្គាស្ការ សម្រាប់ពិធីបើកព្រឹត្តិការណ៍ Indian Ocean Island Games បានបណ្តាលឲ្យមនុស្ស១២ នាក់ស្លាប់ និងរបួសប្រមាណ៨០នាក់។
ភ្លាមៗនេះ គេនៅពុំទាន់ដឹងច្បាស់ថា តើបណ្តាលមកពីមូលហេតុអ្វីនោះទេ ប៉ុន្តែកាលពីឆ្នាំ២០១៩ យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុស្រដៀងគ្នានេះនៅកីឡដ្ឋាន Mahamasina ។
នាយករដ្ឋមន្ត្រីលោក Christian Ntsay បាននិយាយថា អ្នករងរបួស ១១ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ព្រឹត្តិការណ៍ Indian Ocean Island Games ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងឆ្នាំ ១៩៧៧ ហើយរួមមានអត្តពលិកមកពីប្រទេសម៉រីស, កោះស៊ីសែល, ប្រជុំកោះកូម៉ូរ៉ូ, ម៉ាដាហ្គាស្ការ, កោះម៉ាយ៉ូត,កោះរ៉េអ៊ុយញ៉ុងនិងប្រទេសម៉ាល់ឌីវ។

