កាលពីថ្ងៃសុក្រសហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិន និងរុស្ស៊ីពីការរារាំងការឆ្លើយតបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានរួបរួមគ្នា ចំពោះការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខបន្ទាន់មួយ សមាជិក១៣រូប ក្នុងចំណោម១៥រូប ទាំងអស់នេះក្រៅពីទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានថ្កោលទោសការសាកល្បងផ្កាយរណបចារកម្មលើកទី២ របស់ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេល៣ខែ ដែលបានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទីក។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា បញ្ហាមួយដែលបានបង្រួបបម្រួមយើង ប៉ុន្តែចាប់តាំងពីការចាប់ផ្តើមឆ្នាំ២០២២ ក្រុមប្រឹក្សានេះ ពុំបានស្ថិតនៅតាមការប្តេជ្ញាចិត្តរបស់ខ្លួននោះទេ ដោយសារតែបំណងរារាំងរបស់ប្រទេសចិន និងរុស្ស៊ី។ លោកស្រីនិយាយបន្ថែមដោយប្រើប្រាស់ឈ្មោះដើមសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េជាឈ្មោះផ្លូវការរបស់ប្រទេសកូរ៉េខាងជើងថា ការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងកំពុងកើនឡើង ហើយប្រទេសរុស្ស៊ី និងចិន ពុំបានធ្វើទៅតាមការទទួលខុសត្រូវរបស់ពួកគេ ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិនោះទេ។
លោកស្រី Thomas-Greenfield បានរិះគន់វត្តមានរបស់មន្ត្រីចិន និងរុស្ស៊ី នៅក្នុងព្យុហយាត្រាយោធាកូរ៉េខាងជើង កាលពីខែមុន ដែលបានបង្ហាញយានដ្រូនថ្មី និងមីស៊ីលបាលីស្ទីកអន្តរទ្វីបមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ។ លោកស្រី Thomas-Greenfield បាននិយាយអំពីទីក្រុងមូស្គូ និងទីក្រុងប៉េកាំងថា ពួកគេកំពុងប្រារព្ធពិធី ជាការបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកំពុងបន្តរារាំងចំណាត់ការរបស់ក្រុមប្រឹក្សា។
កាលពីខែឧសភា ឆ្នាំ២០២២ ប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតវ៉េតូ លើសេចក្តីសម្រេច ដែលដាក់ទណ្ឌកម្មថ្មីលើទីក្រុងព្យុងយ៉ាង ហើយគ្មានសេចក្តីសម្រេច ឬសេចក្តីប្រកាសធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខ ស្តីពីប្រទេសកូរ៉េខាងជើងត្រូវបានអនុម័តនោះទេ ចាប់តាំងពីពេលនោះមក៕

