អាជ្ញាធរខេត្តកោះកុង បានចុះកំណត់ដែននេសាទគ្រែងឈាមឡើងវិញ បន្ទាប់ពីប្រជានេសាទទាមទារសុំរកដំណោះស្រាយ ក្រោមហេតុផលអាស្រ័យផលមិនស្មើភាពគ្នា។ ទំនាស់ផលប្រយោជន៍លើការប្រមូល ផលនេសាទគ្រែងឈាម បានកើតឡើងជាយូរឆ្នាំមកហើយ ហើយទើបតែពេលនេះ ដែលអាជ្ញាធរខេត្ត មាន ចំណាត់ការកំណត់ដែននេសាទឱ្យត្រឹមត្រូវ ចៀសវាងជម្លោះរវាងពលរដ្ឋ និងពលរដ្ឋបន្តទៅទៀត ។
ក្រោយកិច្ចប្រជុំស្វែងយល់ពីបញ្ហាវិវាទទំនាស់ការអាស្រ័យផលគ្រែងឈាម របស់ប្រជានេសាទភូមិ ស្រែថ្មី និងភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានបញ្ជាក់កាលពីរសៀលថ្ងៃទី២៥ ខែសីហា នេះថា ដើម្បីបញ្ចប់បញ្ហានេះបាន លុះត្រាតែចុះកំណត់ដែន ទឹករាក់ ឱ្យមានការអាស្រ័យផលតម្លាភាព ឈរលើគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ។ ទន្ទឹមមានការ បែងចែកតំបន់ដែននេសាទរួចរាល់ លោកស្រីអភិបាលរងខេត្ត ក៏ហាមប្រាមប្រជានេសាទ ប្រើប្រាស់ឧប ករណ៍ខុសច្បាប់ក្នុងតំបន់អភិរក្ស ករណីបន្តបំពាន នឹងប្រឈមទោសទណ្ឌជាធរមាន ។
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង បានលើកឡើងថា រាល់សកម្មភាពពង្រីកស៊ុមគ្រែងឈាមលើផ្ទៃសមុទ្រ គឺគ្មានមន្ទីរស្ថាប័នណាចេញច្បាប់អនុញ្ញាត្តនោះទេ ដូច្នេះការមានទំនាស់គ្នា រវាងប្រជានេសាទ និងប្រជានេសាទ សុទ្ធតែខុសច្បាប់ទាំងអស់។ ប៉ុន្តែរដ្ឋបាល ខេត្ត និងមន្ទីរជំនាញ រមែងតែមានការយោគយល់ចំពោះការអាស្រ័យផលរបស់ប្រជានេសាទ ។
លោកបានបញ្ជាក់ថា ការនេសាទខ្យងស និងពង្រីកស៊ុមគ្រែងឈាម រដ្ឋបាលជលផលស្រុកបូទុម សាគរ តែងចុះបង្រ្កាបទប់ស្កាត់ជាប្រចាំ ពិសេសសមេឈ្នួញដែលឃុបឃិតទិញលក់នាំចេញទៅក្រៅខេត្ត។ តែទោះយ៉ាងណា លោកជឿជាក់ថា ទំនាស់នេះ នឹងត្រូវបានបញ្ចប់ ក្រោយកំណត់ ដែននេសាទច្បាស់ លាស់ ។
កាលពីថ្ងៃទី២៤ ខែសីហា ប្រជានេសាទចំនួន២០០គ្រួសារ នៅឃុំថ្មស លើកគ្នាមកមុខសា លាខេត្តកោះកុង សុំជំនួយដោះស្រាយពីលោកជំទាវអភិបាលខេត្ត អំពីបាតុភាពមិនល្អមួយចំនួន ពាក់ព័ន្ធ នឹងការទទួលផលគ្រែងឈាមមិនស្មើគ្នា ។
ប្រជានេសាទ បានដាក់ញត្តិសុំប្តឹងដកប្រធានសហគមន៍ និងមន្រ្តីជលផល ដែលមានទីស្នាក់នៅ ក្នុងភូមិស្រែថ្មី ដោយចោទថា បានបើកដៃឱ្យអ្នកមានលុយបោះបង្គោលវាទយកដែននេសាទ ធ្វើជាកម្មសិទ្ធិ ក្រោមរូបភាពថា ចិញ្ចឹមគ្រែងឈាម ធ្វើឱ្យដែននេសាទក្នុងសហគមន៍ កាន់តែរួមតូចទៅៗ ប៉ះពាល់ដល់ កត្តាជីវភាពរបស់ពួកគេ៕ អត្ថបទ៖ឈឹម មករា










