ក្រុមមន្ត្រីនៅរដ្ឋ Hawaii បានបញ្ចេញឈ្មោះមនុស្សចំនួន ៣៣៨នាក់ ដែលនៅតែបាត់ខ្លួនជាង ២សប្តាហ៍ បន្ទាប់ពីមានចំហេះព្រៃដ៏មហន្តរាយបំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាង១សតវត្សរ៍ ដែលបានឆាបឆេះទីក្រុងរមណីយដ្ឋាន នៅតំបន់ Lahaina។
បញ្ជីឈ្មោះដែលប្រមូលចងក្រងដោយ FBI រួមបញ្ចូលតែមនុស្ស ដែលមានឈ្មោះពេញត្រូវបានគេស្គាល់ និងដែលមានគេរាយការណ៍ថា បាត់ខ្លួន ហើយអាជ្ញាធរបានផ្ទៀងផ្ទាត់ព័ត៌មានទំនាក់ទំនង។ ក្នុងការចេញផ្សាយឈ្មោះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី២៥ ខែសីហា) អាជ្ញាធរ បានជំរុញអ្នកណាដែលដឹងថា បុគ្គលណាម្នាក់នៅក្នុងបញ្ជីឈ្មោះ មានសុវត្ថិភាព ឬមានព័ត៌មានបន្ថែមដែលអាចជួយកំណត់ទីតាំងរបស់អ្នកទាំងនោះ ដើម្បីទាក់ទងមក FBI។
ក្រុមមន្ត្រីក៏បានលើកទឹកចិត្តឲ្យសាច់ញាតិបញ្ជូនឈ្មោះនរណាម្នាក់ផ្សេងទៀតដែលបាត់ខ្លួន និងផ្តល់គំរូ DNA ដើម្បីជួយកំណត់អត្តសញ្ញាណរបស់សព។ ចំនួនគ្រួសារដែលបានផ្តល់ DNA គឺទាបជាងការរំពឹងទុករបស់អាជ្ញាធររហូតមកដល់ពេលនេះ ដែលធ្វើឲ្យជួបការងារលំបាកកាន់តែខ្លាំង ក្នុងការបំពេញការងារ។
សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះ កាលពីថ្ងៃទី៨ ខែសីហា នៅលើកោះ Maui មានចំនួន ១១៥នាក់ ប៉ុន្តែក្រុមមន្ត្រី បានប្រាប់ឲ្យដឹងថា តួលេខនេះទំនងជាកើនឡើងច្រើនទៀត ដោយក្រុមអ្នករុករកនៅតែពិនិត្យរកតាមគំនរផេះ។ អគ្គិភ័យនេះ គឺជាចំហេះព្រៃ ដែលបង្កឲ្យមានអ្នកបាត់បង់ជីវិតដ៏ធំបំផុត នៅសហរដ្ឋអាមេរិក គិតចាប់តាំងពីមានការឆាបឆេះព្រៃ ក្នុងឆ្នាំ១៩១៨ នៅរដ្ឋ Minnesota និង Wisconsin ដែលបានសម្លាប់មនុស្សជាង ៤៥០នាក់ នាពេលនោះ៕

