យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន PTI បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់ និង ២០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះខាងក្នុងទូរថភ្លើង ដែលឈប់សំចតនៅស្ថានីយ៍នៃតំបន់ Madurai ក្នុងពេលព្រឹកព្រហាមនាថ្ងៃសៅរ៍ (ទី២៦ ខែសីហា) នេះ។ អ្នកដំណើរទាំងអស់ បានធ្វើដំណើរមកដល់ពីទីក្រុង Lucknow នៃរដ្ឋ Uttar Pradesh។
ពាក់ព័ន្ធនឹងអគ្គិភ័យនេះ ក្រុមហ៊ុនអយស្ម័យយាន Southern Railway បានឲ្យដឹងថា អ្នកដំណើរ បានយកតាមខ្លួននូវ «ស៊ីឡាំងឧស្ម័នរត់ពន្ធដោយខុសច្បាប់» ដែលបណ្តាលឲ្យមានការផ្ទុះបង្កជាអគ្គិភ័យឡើង។ នគរបាល បុគ្គលិកសេវាកម្មពន្លត់អគ្គភ័យ និងសង្គ្រោះ ក្រៅពីបុគ្គលិកផ្លូវដែក ដែលចូលរួមក្នុងការពន្លត់អណ្ដាតភ្លើងនោះ បានយកសាកសពដែលត្រូវភ្លើងឆេះចេញពីបន្ទប់នោះ។
ការចេញផ្សាយរបស់ក្រុមហ៊ុនអយស្ម័យយាន Southern Railway បានឲ្យដឹងទៀតថា អណ្ដាតភ្លើងបានឆាបឆេះឡើងនៅម៉ោង ៥:១៥នាទីព្រឹកថ្ងៃសៅរ៍ ម៉ោងក្នុងស្រុក ហើយបុគ្គលិកពន្លត់អគ្គិភ័យ ដែលបានមកដល់កន្លែងកើតហេតុនោះ នៅកន្លះម៉ោងក្រោយមក បានពន្លត់អណ្ដាតភ្លើងនៅម៉ោង៧:១៥នាទីព្រឹក៕

