កាលពីថ្ងៃទី២៥ ខែសីហា មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំពេញអង្គ ហើយកិច្ចសហប្រតិបត្តិការ រវាងអង្គការសហប្រជាជាតិ និងវេទិកាកោះប៉ាស៊ីហ្វិក ត្រូវបានលើកយកមកពិភាក្សា។
ក្នុងឱកាសនោះ លោក Geng Shuang ( កឹង ស៊័ង) តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសជប៉ុន បានសម្រេចជាឯកតោភាគី ក្នុងការបញ្ចេញទឹកសំណល់ ដែលមានសារធាតុនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ដោយមិនគិតពីផលប្រយោជន៍សាធារណៈ និងបានបង្កើតហានិភ័យនៃការបំពុលនុយក្លេអ៊ែរដល់ពិភពលោក ដែលជារឿងអាត្មានិយមបំផុត។
លោក Geng Shuang បានលើកឡើងថា៖ «មហាសមុទ្រ គឺជាកម្មសិទ្ធិរួមរបស់មនុស្សជាតិទាំងអស់។ កាលពី ១២ឆ្នាំមុន ហេតុការណ៍ដ៏ធ្ងន់ធ្ងរមួយ បានកើតឡើងនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ក្នុងប្រទេសជប៉ុន ដែលបានបញ្ចេញសារធាតុវិទ្យុសកម្មដ៏ច្រើនចូលទៅក្នុងមហាសមុទ្រ បង្កឲ្យមានគ្រោះមហន្តរាយដ៏ធំមួយ។ ១២ឆ្នាំក្រោយមក ដោយមិនយកចិត្តទុកដាក់ពីមន្ទិលសង្ស័យ និងការប្រឆាំងពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមដំណើរការជាឯកតោភាគីនូវការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ដែលបង្កឲ្យមានគ្រោះថ្នាក់បន្ទាប់បន្សំបន្ថែមដល់ប្រជាជន ក្នុងតំបន់ និងសូម្បីតែប្រជាជន ក្នុងពិភពលោក»។
លោក Geng Shuang បានបន្ថែមថា៖ «ការធ្វើបែបនេះ គឺជាផលប៉ះពាល់ឆ្លងដែន ដោយវាមិនមែនជាបញ្ហាក្នុងស្រុករបស់ជប៉ុនតែមួយនោះទេ។ តែទោះបីពួកគេបានជំទាស់ដោយលើកហេតុផលតវ៉ាក៏ដោយ ក៏ការពិតនឹងនៅតែជាការពិត ដែលថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ ប្រទេសជប៉ុននឹងបញ្ចេញទឹកកខ្វក់រាប់លានតោនចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ការពិតនឹងមិនត្រូវបានកែប្រែ ដែលថា ហានិភ័យយ៉ាងធំធេង នឹងកើតមានដល់បរិស្ថាន និងសុខភាពមនុស្សជាដើម»។
លោក Geng ក៏បាននិយាយផងដែរថា ប្រទេសចិនសូមជំរុញយ៉ាងខ្លាំងក្លាដល់ប្រទេសជប៉ុនឲ្យបញ្ឈប់នូវទង្វើមិនត្រឹមត្រូវរបស់ខ្លួននេះ ពោលគឺបញ្ឈប់ជាបន្ទាន់នូវផែនការបញ្ចេញទឹកចូលសមុទ្រ ទំនាក់ទំនងជាមួយប្រទេសជិតខាងដោយស្មោះស្ម័គ្រ និងសុច្ឆន្ទៈ បង្ហូរចោលទឹកកខ្វក់នុយក្លេអ៊ែរ ក្នុងលក្ខខណ្ឌទទួលខុសត្រូវ និងទទួលយកការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីអន្តរជាតិ៕

