ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងបង្កើនការនាំចេញផលិតផលនេសាទរបស់ខ្លួនទៅកាន់ប្រទេសចិន បន្ទាប់ពីមានការហាមឃាត់របស់ចិនលើការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន ដោយសារមានការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មរួចហើយចូលទៅក្នុងសមុទ្រពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលបានរងការបំផ្លិចបំផ្លាញ។
Rosselkhoznadzor ដែលជាអង្គភាពឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ី បានឲ្យដឹងកាលពីខែកក្កដាថា រុស្ស៊ី គឺជាប្រទេសផ្គត់ផ្គង់ផលិតផលសមុទ្រដ៏ធំបំផុតមួយទៅកាន់ប្រទេសចិន ដោយក្រុមហ៊ុនរុស្ស៊ីចំនួន ៨៩៤ក្រុមហ៊ុន ត្រូវបានអនុញ្ញាតឲ្យនាំចេញអាហារសមុទ្រ។
ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃសុក្រ (ទី២៥ ខែសីហា) អង្គភាព Rosselkhoznadzor បាននិយាយថា ខ្លួនកំពុងស្វែងរកការបង្កើនចំនួនក្រុមហ៊ុននាំចេញ។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖ «ទីផ្សារចិនជាទូទៅ កំពុងសន្យាទទួលយកផលិតផលត្រីរបស់រុស្ស៊ី។ យើងសង្ឃឹមថា នឹងបង្កើនចំនួនក្រុមហ៊ុន និងកប៉ាល់រុស្ស៊ីដែលមានបញ្ជាក់វិញ្ញាបនបត្រ បរិមាណផលិតផល និងប្រភេទរបស់ផលិតផល»។
សូមបញ្ជាក់ថា ប្រទេសចិនបានហាមឃាត់ការនាំចូលចំណីអាហារមួយចំនួនពីប្រទេសជប៉ុនរួចហើយ ប៉ុន្តែការហាមឃាត់គ្រប់យ៉ាង កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) ត្រូវបានធ្វើឡើង ដោយមានការព្រួយបារម្ភអំពី«ហានិភ័យនៃការប៉ះពាល់ពីសារធាតុវិទ្យុសកម្ម» បន្ទាប់ពីប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹក ដែលធ្វើប្រព្រឹត្តិកម្មរួចហើយ។
យោងតាមទីភ្នាក់ងារជលផលរបស់រុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ីបាននាំចេញផលិតផលសមុទ្រចំនួន ២,៣លានតោន កាលពីឆ្នាំមុន ដោយមានតម្លៃប្រហែល ៦,១ពាន់លានដុល្លារអាមេរិក ដែលមានទំហំប្រហែលពាក់កណ្តាលនៃការនេសាទសរុបរបស់ខ្លួន ដោយប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុនជាប្រទេសនាំចូលដ៏ធំបំផុត៕

